អតីត Miss Grand Cambodia 2017 ខ្លឹម ស្រីគា បានចេញមុខបកស្រាយក្រោយពីត្រូវអ្នកលេងបណ្តាញសង្គមភាគច្រើនរិះគន់ក្រោយនាងបានបង្ហាញវីដេអូឃោសនាកសិផលដែលនាំចូលពីប្រទេសចិន ។ អ្វីដែលកត់សម្គាល់ទោះជាចេញមុខបកស្រាយក្តី តែសន្ទុះនៃការរិះគន់ហាក់មិនថមថយរហូតធ្វើឱ្យ ខ្លឹម ស្រីគា ប្រកាសថានិយាយអ្វីក៏ខុសឈប់តបតហើយ។
គេចាំបានថាកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ខ្លឹម ស្រីគា បានបង្ហោះវីដេអូប្រមាណជាង៥នាទីដោយភ្ជាប់មកជាមួយចំណងជើងថា « 400តោន បន្លែ ផ្លែឈើ មានគ្រប់មុខ តម្លៃវិញធូរសាហាវ»។ដោយការផ្សព្វផ្សាយផលិតផលនោះមានដូចជា ការ៉ុត ឆៃថាវ ខ្ញី ស្ពៃបូកគោ ផ្លែសារី ក្រូច ប៉ោម ជាដើម ដែលសុទ្ធសឹងជាកសិផលដែលនាំចូលពីប្រទេសចិនក្នុងតម្លៃធូរថ្លៃជាខ្លាំង ។ ការចេញមុខផ្សព្វផ្សាយនៅតាមបណ្តាញសង្គមរបស់អតីតបវរកញ្ញារូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនចេញមុខរិះគន់ចំៗដល់ស្រីស្អាតរូបនេះដែលសប្បាយអរឃោសនាឱ្យផលិតផលនាំចូលទាំងដែលកសិផលក្នុងស្រុកគាំងលក់មិនចេញ ។
អ្វីដែលកត់សម្គាល់ក្រោយទទួលរងការជេរប្រមាថស្ពឹកមុខពីសំណាក់មហាជនបែបនេះ ខ្លឹម ស្រីគា បានចេញមុខបកស្រាយថាមូលហេតុដែលនាងចេញមុខផ្សព្វផ្សាយបែបនេះដោយ សារស្ត្រីដែលនាំចូលកសិផលមកពីប្រទេសចិននេះមានគ្រួសារនៅចិន ហើយជាអ្នកស្គាល់គ្នា ជាមួយរូបនាង។ ស្រ្តីរូបនោះទើបនាំចូលមកលក់នៅស្រុកខ្មែរជាលើកដំបូងហើយដោយសារផលិតផលទាំងនោះកកស្ទះទើបស្រ្តីរូបនោះសុំឱ្យនាងជួយផ្សព្វផ្សាយដើម្បីឱ្យលក់ដាច់ ។
ខ្លឹម ស្រីគា បានលើកឡើងថា «ខ្ញុំជាបុគ្គលនៅកណ្តាមិនបានប្រម៉ូដរបស់គេថាល្អទេគាត់ស្នើឱ្យខ្ញុំប្រម៉ូដលក់ទេមិនមែនប្រម៉ូដថាល្អលើកតំកើងផលិតផលគេឡើយ។បើបងប្អូនមិនពេញចិត្តក៏កុំទិញ»។ ហាក់មានការអាក់អន់ចិត្តក្រោយទទួលរងការជេរប្រមាថបែបនេះអតីត Miss Grand Cambodia 2017 រូបនេះបានបោះសម្តីថានាងធ្លាប់តំណាងប្រទេសកម្ពុជានឹងបានធ្វើការងារសង្គមជាច្រើន តែមិនដែលបានទទួលការសរសើរទេគ្រាន់តែរឿងមួយនេះនាំគ្នាជេរប្រមាថរូបនាង ។ ប៉ុន្តែយ៉ាងណាពេលនេះនាងសុំមិនប្រកែកវែកញែកច្រើនព្រោះមហាជនកំពុងតែមិនពេញចិត្តដូចនេះអាចគិតទៅតាមការហ្នឹងចុះ ៕