ខណៈបទចម្រៀងអាយ៉ៃឆ្លើយឆ្លងប្រឈមនិងការបាត់បង់តារាចម្រៀង នេនទុំ បានបញ្ចេញស្នាដៃថ្មីដែលមិនធ្លាប់មានដោយច្រៀងរួមគ្នាជាមួយវីរៈសិល្បករ ព្រហ្ម ម៉ាញ ដែលត្រៀមនឹងចេញជាផ្លូវការនៅក្នុងថ្ងៃទី ០៣ស្អែកនេះ ។
ដ្បិតទទួលរងនូវការបាក់ទឹកចិត្តដោយការច្រានចោលនូវស្នាដៃរបស់ខ្លួនពីសំណាក់ក្រុមហ៊ុនមួយចំនួនក៏ដោយ តែ នេនទុំ នៅតែមិនបោះបង់ពោលលោកនូវតែបន្តរិះរកស្នាដៃថ្មីៗនៅក្នុងការបង្កើតបទចម្រៀងជាបន្តបន្ទាប់ ។ យ៉ាងណាមិញចុងក្រោយនេះលោកបានបញ្ចេញស្នាដៃបទចម្រៀងថ្មីជាច្រើន តែអ្វីដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍នោះលោកបានបង្ហាញបទចម្រៀងមួយបទដែលមានចំណងជើងថា «នែ៎! កូន» ដែលជាការច្រៀងឆ្លើយឆ្លងគ្នាជាមួយលោក ព្រហ្មម៉ាញ ដែលជាវីរៈសិល្បករចម្រៀងអាយ៉ៃឆ្លើយឆ្លងល្បីម្នាក់ ។
ជាមួយអារម្មណ៍រំភើប នេនទុំ ប្រាប់ថាមិននឹកស្មានថាលោកអាចអញ្ជើញលោក ព្រហ្ម ម៉ាញ មកច្រៀងរួមគ្នាបាននោះទេ នេះគឺជាការចងចាំដ៏ល្អមួយ ។ ងាកមកលោក ព្រហ្ម ម៉ាញ បានលើកឡើងថារវាងការច្រៀងបុរាណ និងសម័យលាយបញ្ចូលគ្នាបែបនេះជាការល្អលោកពិតជាគាំទ្រនូវគំនិត នេនទុំ ។
បើតាមគម្រោងបទនេះ នេនទុំ នឹងបញ្ចេញជាផ្លូវការនៅក្នុងថ្ងៃទី ០៣ ស្អែកនេះតែម្តង ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខណៈទើបតែបញ្ចេញ Teaser ខ្លីគេឃើញមានអ្នកគាំទ្រជាច្រើនបានស៊ែរ និងបញ្ចេញមតិព្រោងព្រាត ដោយអ្នកខ្លះបានលាន់មាត់សរសើរថាបទនេះពិតជាប្លែក និងពិរោះមួយបែប បុរាណ លាយសម័យបែបនេះពិតជាអ៊េម ។ ខ្លះទៀតក៏បានសរសើរនូវគំនិតរបស់ នេនទុំ ដែលអាចអញ្ជើញសិល្បករជើងចាស់ លោក ព្រហ្ម ម៉ាញ មកច្រៀងរួមគ្នាបែបនេះ ៕