ក្នុងនាមជាមិត្តភក្តិរួមអាជីពតារាចម្រៀង ពេជ្រ សូលីកា មិននៅស្ងៀមទេ នាងបានបង្ហាញការកើតទុក្ខមិនសុខចិត្តក្រោយឃើញអ្នកលេងបណ្តាញសង្គមភាគច្រើនរិះគន់ដល់ គង់ ចាន់ស្រីមុំ រហូតដល់ស្នើសុំឱ្យដកតំណែងជាពិធីការិនីនៅក្នុងកម្មវិធី 3 Fun ។យ៉ាងណាមិញគេបានឃើញ ពេជ្រ សូលីកា បានបង្ហោះសំណេរជាបន្តបន្ទាប់ការពារដល់ គង់ ចាន់ស្រីមុំ តែសុខៗនាងក៏លុបទៅវិញរហូតធ្វើឱ្យអ្នកគាំទ្រមួយចំនួនហួសចិត្តនិងដាស់តឿនឱ្យនាងនៅស្ងៀមប្រសើរជាង ។
ខណៈសាម៉ីខ្លួន គង់ ចាន់ស្រីមុំ មិនបានតបតចំពោះការរិះគន់របស់មហាជនក្តី តែបើគេក្រឡេកមើលតារាចម្រៀង ពេជ្រ សូលីកា ហាក់ដូចជាមានអារម្មណ៍អន់ចិត្តជំនួសមិត្តភក្តិដោយនាងបានត្អូញត្អែរពីភាពអយុត្តិធម៌ដែលតែងតែកើតចំពោះអ្នកសិល្បៈនាពេលកន្លងមក ។ ថ្មីៗនេះទៀតសោត ពេជ្រ សូលីកា បានបង្ហោះសំណេររៀបរាប់ចំពោះការរិះគន់របស់មហាជនចំពោះ គង់ ចាន់ស្រីមុំ ដោយលើកឡើងថា «បងប្អូនប្រុងជាន់គ្នាឱ្យស្លាប់មែនទើបសុខចិត្ត?
យល់ថាបងប្អូនកំពុងខឹងហើយស្អប់ តែសុំបន្ធូរបន្ថយដៃខ្លះទៅបើជាន់មិនដកជើងចឹងតើគ្នាមានឱកាសឯណាមកបកស្រាយ បើមិនមែនជា គង់ ចាន់ស្រីមុំ ក៏ខ្ញុំនៅតែធ្វើបែបនេះដូចគ្នាព្រោះខ្ញុំយល់អារម្មណ៍អ្នកដែលត្រូវគេជេរគេជាន់មិនដកជើង ខ្ញុំជួយក្នុងនាមខ្ញុំជាខ្មែរគ្នាខុសហើយក៏បន្ធូរដៃខ្លះទៅហើយរង់ចាំមើលវិញថាមានអីបន្តទៀតមិនមែនជាន់ៗទាល់តែគ្នាងើបមុខមិនរួចចឹងទេ រៀនទុកឱកាសនិងរង់ចាំពេលវេលា »។
អ្វីដែលគួរឱ្យកត់សម្គាល់សារជាបន្តបន្ទាប់របស់ ពេជ្រ សូលីកា ចេញមុខការពារ គង់ ចាន់ស្រីមុំ នោះមិនបានបង្ហោះរយៈពេលវែងទេពោលតែប៉ុន្មាននាទីប៉ុណ្ណោះក៏លុបទៅវិញ ។ ក្នុងនោះក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនបានចេញមុខដាស់តឿន ពេជ្រ សូលីកា ឱ្យរក្សាភាពស្ងប់ស្ងាត់ចំពោះរឿងនេះកុំចេះឈឺចាប់ជាងសាម៉ីខ្លួនគេ ៕