header ads

Sponsor

ទោះមមាញឹកនៅក្នុងការសម្តែងរឿងភាគទូរទស្សន៍និងរឿងដុំស្ទើររកពេលសម្រាកមិនបានក្តី តែតារាសម្តែងវ័យក្មេង ម៉ានីកា នៅតែមិនភ្លេចការសិក្សា ពោលនាងតូចម្នាក់នេះបានព្យាយាមប្រឹងប្រែងរហូតឈ្នះមេដាយមាសក្នុងការប្រឡងគណិតវិទ្យានៅអាស៊ីកម្រិតសិស្សពូកែពិភពលោកផងដែរ ។

 

ជឿជាក់ថាមហាជនប្រាកដជាបានស្គាល់នូវសមត្ថភាពនិងទេពកោសល្យរបស់នាងតូច ម៉ានីកា ដែលបានលេចមុខនៅក្នុងការសម្តែងរឿងបន្តបន្ទាប់ ជាពិសេសរឿងដុំនៅផលិតកម្មអិលឌីភាពយន្តតែម្តង ។ ស្ថិតក្នុងវ័យ ១២ឆ្នាំ ម៉ានីកា ក៏ជាតារាវ័យក្មេងដែលមានភាពជោគជ័យមិនធម្មតាដែរ ហើយអ្វីដែលគួរឱ្យសរសើរទោះវរល់ស្ទើររកពេលសម្រាកមិនបានក្តី តែតារាវ័យក្មេងរូបនេះមិនភ្លេចការសិក្សានោះទេ ពេលខ្លះនាងតូចរូបនេះឆ្លៀតយកមេរៀនទៅមើលក្នុងពេលសម្រាកពីការថតថែមទៀត ។ 

អ្វីដែលកត់សម្គាល់ថ្មីៗនេះ ម៉ានីកា ក៏ទើបឈ្នះមេដាយមាសប្រឡងគណិតវិទ្យា SASMO នៅអាស៊ីកម្រិតសិស្សពូកែពិភពលោកផងដែរ។ ភ្ជាប់ជា មួយភាពជោគជ័យរបស់ខ្លួនតារាវ័យក្មេងគួរឱ្យស្រឡាញ់រូបនេះបានចែករំលែកបទពិសោធន៍របស់ខ្លួនដល់ ហ្វេន ហ្វេន ជាយុវវ័យក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនថា «មេដាយមាស ក្នុងការប្រលងគណិតវិទ្យា SASMO ម៉ានីកាសូមចែករំលែកបទពិសោធ៏ដ៏រីករាយមួយនេះជាមួយពុកម៉ែបងប្អូន ជាក់ស្តែង មុនពេលប្រលងកម្មវិធីនេះ ម៉ានីកា រវល់ថតរឿងខ្លាំងមែនទែនហើយមានអារម្មណ៍ថាមិនទាន់បានត្រៀមខ្លួនរួច រាល់ក្នុងការប្រលងទេ។

ម៉ានីកា មិនសូវមានភាពជឿជាក់លើសមត្ថភាពខ្លួនទេ ព្រោះកន្លងមកក៏ធ្លាប់ចូលរួមប្រលងកម្មវិធីផ្សេង ហើយមិនទាន់ទទួលបានលទ្ធផលល្អដែរ។មុនពេលប្រលងពីរសប្តាហ៍ ម៉ានីកាគិតចង់សុំដកខ្លួនចេញពីការប្រលង ព្រោះខ្លាចធ្វើមិនបានល្អ ខ្លាចធ្វើឲ្យអ្នកគ្រប់គ្នាខកបំណង 
តែដោយសារកម្លាំងចិត្តពីក្រុមគ្រួសារ និងបងប្អូនពូមីងយាយតា ម៉ានីកា ក៏ចំណាយពេលដែលនៅសល់ ខិតខំប្រឹងប្រែង ស្រាវជ្រាវលំហាត់ប្រលងពីឆ្នាំមុនៗ ទោះបីជាត្រូវរវល់ថតរឿង ក៏ត្រូវយកមេរៀនទៅមើលនៅកន្លែងថតដែរ ហើយទីបំផុត “ការតស៊ូ ពិតជាបានសម្រេច” ម៉ានីកាសូមលើកទឹកចិត្តបងប្អូនពូមីង ក្នុងការតស៊ូប្រឹងប្រែងក្នុងជីវិត ដើម្បីសម្រេចគោលដៅអ្វីមួយ ទោះថ្ងៃនេះមិនទាន់បានលទ្ធផលល្អ តែថ្ងៃណាមួយ បងប្អូននឹងអាចសម្រេចគោលបំណង រឺយ៉ាងហោចណាស់ ក៏បានទៅដល់ចំណុចមួយដែលប្រសើរជាងមុនដែរ »។ 

ជាចុងក្រោយតារាវ័យក្មេងរូបនេះក៏បានអរគូណដល់ លោកគ្រូអ្នកគ្រូគ្រប់រូប ដែលបានជួយបង្ហាត់បង្រៀនក៏ដូចជាផ្តល់ឯកសារជាជំនួយនៅក្នុងការស្រាវជ្រាវសម្រាប់ការប្រលងរបស់ខ្លួនកន្លងមក ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post