ក្នុងនាមជាបុគ្គលភេទទីបីតារាកំប្លែង យ៉េ យ៉េ បានបង្ហាញការមិនពេញចិត្តចំពោះការលើកជាចម្ងល់របស់តារាកំប្លែង នាយធ្នុង ដែលចង់ដឹងថាមួយណាជាកូនកំលោះមួយណាជាកូនក្រមុំ នៅក្នុងការរៀបការភេទដូចគ្នាកាលពីពេលថ្មីៗនេះ ។
គួរឱ្យដឹងដែរថា នាយធ្នុង ដែលតែងលេចមុខនៅក្នុងក្រុមកំប្លែងនៅស្ថានីយទូរទស្សន៍ស៊ីធីអិនក៏ដូចជាពិធីកាត់សក់នៅក្នុងមង្គលការនានានោះ បានស៊ែរអាពាហ៍ពិពាហ៍ភេទដូចគ្នាដោយមានជនបរទេសម្នាក់រៀបការជាមួយបុរសខ្មែរ។ភ្ជាប់ជាមួយរូបភាពនោះ នាយ ធ្នុង បានលើកជាសំណួរថា «បុរសជនជាតិបារាំងបានមករៀបការជាមួយបុរសជនជាតិខ្មែរ តើពួកគាត់នាំគ្នាធ្វើចឹងដើម្បីអ្វី ? ខាងណាស្រី ខាងណាប្រុសទេ?»។
ហាក់ទើសចិត្តនិងប៉ះពាល់អារម្មណ៍ចំ ពោះការលើកឡើងបែបនេះរបស់ នាយ ធ្នុង តារាកំប្លែង យ៉េ យ៉េ បាននិយាយថា«សម្ដីលោកពូជាអ្នកសិល្បៈ ហេតុអីក៏លោកពូនិយាយបែបអញ្ចឹង នេះចូលលក្ខណៈបែប សើចចំ និងរើស អើងមនុស្សហើយលោកពូសិទ្ធិរបស់គេគេធ្វើអ្វីធ្វើទៅដើម្បីក្តីសុខរបស់គេ ឲ្យតែលោកពូនិងក្រុមគ្រួសារមានក្តីសុខទៅគ្រប់គ្រាន់ហើយ»។ ចំពោះសម្តីរបស់តារាកំប្លែង យ៉េ យ៉េ ក៏បានធ្វើឱ្យមហាជនមួយចំនួនគាំទ្រដោយលើកឡើងថាជាសិទ្ធរបស់គេ ខ្លះទៀតថាប្រហែលលែងល្បីហើយទើបនិយាយពាក្យបែបនេះមក។
យ៉េ យ៉េ ក៏ជាតារាកំប្លែងភេទទីបីមួយរូបដែលមានប្រជាប្រិយភាពគួរសមនៅក្នុងចង្កោមតារាភេទទីបីជាច្រើន ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ដោយសារការវះកាត់កែសម្ជស្សទៅតាមសម័យបច្ចេកទេសទំនើបទើបធ្វើឱ្យសម្រស់របស់ យ៉េ យ៉េ ស្រស់ស្អាតមិនចាញ់នារីពិតប្រាកដប៉ុន្មានឡើយ ។ កន្លងមក យ៉េ យ៉េ ក៏ធ្លាប់បង្ហាញមុខគូស្នេហ៍របស់ខ្លួនជាសាធារណៈនៅតាមបណ្តាញសង្គមផងដែរ៕