header ads

Sponsor

តារាចម្រៀង ម៉េង កែវពេជ្ជតា នឹងត្រូវចូលខ្លួនបំភ្លឺទៅតាមដីកាកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅក្នុងបណ្តឹងរបស់អតីតប្រធានសមាគម ចន ច័ន្ទលក្ខិណា នៅក្នុងថ្ងៃទី ១០នៅវេលាម៉ោងពីររសៀលនេះ ។ អ្វីដែលចាប់អារម្មណ៍ខណៈកំពុងមានវត្តមាននៅប្រទេសបារាំងតារាចម្រៀងដែលជាចុងបណ្តឹងរូបនេះបានបង្ហាញចម្ងល់មួយចំនួន នឹងបានលើកឡើងថានឹងសហការដោយរីករាយជាមួយតុលាការនៅខែក្រោយដោយមិនគេចវេសឡើយ។

គួរឱ្យដឹងដែរថាតារាចម្រៀង ម៉េង កែវពេជ្ជតា បានទទួលរងប​ណ្តឹងរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ ប្រមាថជាសាធារណៈ សម្លុតកុំឱ្យដាក់ពាក្យបណ្តឹង និង ញុះញង់ឱ្យមានការរើសអើង»។ អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការប្តឹងតារាចម្រៀង ម៉េង កែវពេជ្ជតា នៅថ្ងៃទី ១៥ ខែឧសភា កន្លងទៅពោលក្រោយបញ្ចប់អណត្តិប្រធានសមាគមសិល្បៈ។ ក្នុងនោះតារាសម្តែងវ័យ៤៤ ឆ្នាំរូបនេះបានសង្កត់ធ្ងន់ថាមិនធ្វើការសម្របសម្រួលតុមូលជាមួយតារាចម្រៀងសំឡេងផ្អែមចាស់វស្សា ម៉េង កែវពេជ្ជតា ឡើយ ។ អ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងថ្ងៃទី ១០នេះតារាចម្រៀង ម៉េង កែវពជ្ជតា ត្រូវទៅបំភ្លឺនៅតុលាការចំពោះបណ្តឹងមួយនេះតាមដីកាកោះ តែកំពុងស្នាក់នៅប្រទេសបារាំងមួយរយៈអ្នកនាងបានលើកឡើងជាចម្ងល់ខ្លះៗបង្ហាញដល់អ្នកគាំទ្រខ្លួននៅក្នុងបណ្តាញសង្គមចំពោះរឿងបណ្តឹងមួយនេះ។

ម្ចាស់បទ«មនុស្សដំបូង»រូបនេះបានរៀបរាប់កាលពីថ្ងៃទី ០៩ ម្សិលមិញនេះថា «ព្រឹកមិញម៉ោង 9​ ម៉ោងនៅភ្នំពេញ​ ថ្ងៃអាទិត្យ​ ទី​ 9​ ខែ​ 6​ .2024​អ្នកផ្ទះខ្ញុំឯភ្នំពេញបានទទួលលិខិតអោយចូលទៅបំភ្លឺហើយ​ ។ ប៉ុន្តែ​ដំណើរនៃការមកដល់របស់លិខិតនេះហាក់យឺតយ៉ាវ​ខ្លាំង​គួរអោយឆ្ងល់​ ហើយតក់ក្រហល់ខុសធម្មតា​ ។ដើម្បីអោយបានយល់ច្បាស់សូមបងប្អូនពិនិត្យមើលលើលិខិតទាំងអស់គ្នា​៖

 

-​ ថ្ងៃទី​ 15.05.2024ថ្ងៃគេដាក់ពាក្យប្តឹង ។ 5ថ្ងៃក្រោយ

-​ ថ្ងៃទី​ 20.05.2024​ ចេញលិខិតកោះ​ ។ 10ថ្ងៃក្រោយ​

-​ ថ្ងៃទី​ 30.05.2024​ ទើបលិខិតនេះទៅដល់ប៉ុស្តិ​ (​ បុស្តិប៉ូលីសរដ្ឋបាលដែលនៅក្បែរផ្ទះខ្ញុំ​ )​ រហូតដល់​ 10ថ្ងៃក្រោយ

-​ ថ្ងៃទី​ 9.06.​ 2024​ ព្រឹកមិញថ្ងៃនេះ​ទើបលិខិតកោះនេះបានដល់ដៃអ្នកផ្ទះខ្ញុំឯភ្នំពេញ​ បង្គាប់អោយខ្ញុំចូលបំភ្លឺនៅថ្ងៃស្អែក​ ទី 10.06​.2024​ នេះ​ ។ ​ បងប្អូន​មានចំងល់ដូចខ្ញុំទេ​ ជាធម្មតាការបញ្ជូនលិខិតពីតុលាការអាចយឺតខ្លះៗតែត្រឹម5ថ្ងៃទៅមួយអាទិត្យយ៉ាងច្រើន ប៉ុន្តែនេះយឺតរហូតដល់​ 25ថ្ងៃ ហើយដែលសំខាន់​ គឺដីកាមកដល់ថ្ងៃនេះ​បង្គាប់អោយចូលទៅបំភ្លឺថ្ងៃស្អែក​ សួរថាដែលមានទេ​ ?

តើ១ថ្ងៃអ្នកណាអាចធ្វើអ្វីកើត​បើមិនបានដឹងខ្លួនថាគេប្តឹងផង​ កុំថាឡើយពេលនេះខ្ញុំនៅក្រៅប្រទេស​ បើទោះជាខ្ញុំនៅភ្នំពេញ​ក៏រៀបចំមេធាវី​ និងឯកសារពាក់ព័ន្ធមិនទាន់ដែរ​ បើអញ្ចឹងគេធ្វើហ្នឹងចង់យ៉ាងម៉េច​ ?​​ ចង់អោយខ្ញុំខកខានចូលបំភ្លឺរួចចោទថាខ្ញុំគេច​ ? ដីកាកោះបានចេញរួច​ហើយ​បែជា​ទុកចោលឡើងយូរ​រហូតដល់ថ្ងៃអោយចូលទើបបញ្ជូនមក​ បើមិនឆ្ងល់ទើបចម្លែក​ ។បងប្អូនពុកម៉ែជាទីគោរព​ ! ខ្ញុំបង្ហោះសារនេះ​គឺទី១ចង់ជម្រាបជូនបងប្អូនសាធារណៈជនដែលតែងបារម្ភពីសុខទុក្ខខ្ញុំ​អោយបានជ្រាប​ថាមានអ្វីខុសប្រក្រតីកើតឡើងក្នុងដំណេីរគេប្តឹងផ្តល់នេះ​ ។ និងទី២​ ក៏ចង់ប្រាប់ទៅនាងហង្សឈាមក្អែកភ្នែកមាន់ព្រៃនិស្ស័យអសិរពិស​នៅក្រៅរបងមួយក្បាលដែលតាំងខ្លួនថាជាអ្នកចេះច្បាប់អូស្ត្រាលី​ និងច្បាប់ប្រទេសខ្មែរយ៉ាងជ្រៅជ្រះនោះអោយវាដឹងផង ព្រោះនាងបានចាត់ទុកការឆ្លេីយរបស់ខ្ញុំទៅកាន់​សារព័ត៌មាន​ Swift News និង​ Best TV កាលពីថ្ងៃសុក្រទី7.06.2024​ ថាមិនទាន់បានទទួលដីកានោះគឺជារឿងបោកប្រាស់​ ថាខ្ញុំកុហកមហាជន​ ដូចនេះ​ទើបខ្ញុំត្រូវបង្ហោះ​ដោយសង្ឃឹមថានាងហង្សបាក់​ស្លាបឯងនឹងឈប់មុសារខ្ញុំនៅពេលនាងបានឃើញលិខិត​ស្នាមមេដៃ និងការពន្យល់ច្បាស់ៗរបស់ខ្ញុំនេះហើយ​ ។ ខ្ញុំមិនកំសាកគេចវេសទេ​ ខ្ញុំត្រៀមខ្លួនសហការណ៍ជាមួយតុលាកាដោយរីករាយ​មិនដែលខ្លាច​ មិនដូចអ្នកខ្លះដល់ថ្ងៃគេចៗកាលខ្ញុំប្តឹង ។ ចាំជួបគ្នាខែក្រោយនៅតុលាការតាមការអញ្ជើញ​» ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post