ទន្ទឹមនឹងការរីករាយក្រោយឃើញតារាចម្រៀង យ៉ែម សំអូន បានងាកមកផ្សះផ្សាជាមួយភរិយា យ៉ាន់ លីនដា ក្រោយបែកគ្នាប្រមាណជា០៩ឆ្នាំ តែថ្មីៗនេះអ្នកគាំទ្រជាច្រើនបានសម្តែងការងឿងឆ្ងល់ក្រោយបានឃើញ សំអូន ជលសា ដែលលោកហៅថាជាកូនប្រុសពេញមាត់នោះបានទៅធ្វើការជាមួយតារាចម្រៀង អេឡិច ចាន់ត្រា ទៅវិញ ។ ប៉ុន្តែយ៉ាងណាលោក យ៉ែម សំអូន មិនបានចេញមុខបកស្រាយអ្វីចំពោះរឿងនេះឡើយ ។
គេចាំបានថាកន្លងមកតារាចម្រៀង យ៉ែម សំអូន តែងបង្ហាញវត្តមានជាមួយបុរសវ័យក្មេងម្នាក់ដោយលោកបានហៅថាជាកូនប្រុសដែលមានឈ្មោះថា សំអូន ជលសា ហើយកន្លងមកលោកតែងលើកសរសើរពីគុណសម្បត្តិរបស់ សំអូន ជលសា នៅតាមបណ្តាញសង្គមថែមទៀត ។ ប៉ុន្តែយ៉ាងណាគេមិនច្បាស់ថាកំលោះ ជលសា ជាកូនប្រុសបង្កើតរបស់លោក ឬបែបណាឡើយ តែមានទម្រង់មុខស្រដៀងលោកផងដែរ ។
ដ្បិតនៅវ័យក្មេង តែ សំអូន ជលសា ក៏មានជំនាញផ្នែកកាត់ត វីដេអូ ឌីហ្សាញនិងថតរូបយ៉ាងជំនាញផងដែរ តែថ្មីៗនេះគេបែរជាឃើញ សំអូន ជលសា បែរជាទៅរួមការងារជាមួយក្រុមតន្ត្រីរបស់តារាចម្រៀងរូបសង្ហា អេឡិច ចាន់ត្រា ទៅវិញ ។ មានការលើកឡើងពីសំណាក់អ្នកគាំទ្រថាក្រោយត្រូវរ៉ូវជាមួយភរិយា យ៉ាន់ លីនដា វិញ បែរជាបាត់វត្តមាន សំអូន ជលសា ពីបណ្តាញសង្គមរបស់លោក យ៉ែម សំអូន ។
ខ្លះថែមទាំងសង្ស័យថាតិចឪពុកកូនទាំងពីរមានបញ្ហាជាមួយគ្នាទេដឹង ? តែក៏មានអ្នកខ្លះលើកឡើងថា ជារឿងធម្មតាជួនកាល ជលសា អាចចង់បានបទពិសោធន៍ការងារថ្មីក៏ថាបាន ។ ទោះជាមានការវែកញែក និងងឿងឆ្ងល់ពីសំណាក់អ្នកតាមដានក្តី តែលោក យ៉ែម សំអូន មិនបានចេញមុខបកស្រាយចំពោះការអវត្តមាន សំអូន ជលសា ពីក្រុមការងាររបស់លោកនោះទេ ។
ចុងក្រោយនេះតារាចម្រៀងសម្បុរស្រអែមរូបនេះហាក់មានភាពស្រស់ស្រាយជាងមុនក្រោយពេលជីវិតប្តីប្រពន្ធបានវិលមកត្រូវរ៉ូវជាមួយគ្នាហើយភរិយា យ៉ាន់ លីនដា ក៏មានគម្រោងនឹងត្រឡប់មករស់នៅក្នុងស្រុកខ្មែរឆាប់ៗនេះផងដែរ ៕