ធ្លាប់ជាតារាសម្តែងដែលនិយមតុបតែងខ្លួនបែបសិចស៊ីនិងមានប្រជាប្រិយភាពគួរសមនៅក្នុងសង្គមសិល្បៈ តែក្រោយរៀបការរូចតារាសម្តែង ដួង ម៉ានិច និងស្វាមីបានងាកមករស់នៅបែបសាមញ្ញនៅផ្ទះលំហែរនៅជើងភ្នំដោយងាកមកដាំដើមឈើនិងបន្លែមួយចំនួនដែលមើលទៅពិតជាមានក្តីសុខជាខ្លាំង ។
ខុសពីគូដទៃក្រោយរៀបការរួចតារាសម្តែងសម្តីផ្អែមត្រជាក់ ដួង ម៉ានិច និង ហ៊ាឆាត ជាស្វាមី បានបណ្តើរគ្នាមករស់នៅក្នុងផ្ទះលំហែរក្បែរជើងភ្នំដោយប្រើជីវិតជាអ្នកចំការបែបសាមញ្ញៗជាមួយនឹងការតុបតែងខ្លួនបែបធម្មតាដែលគេកម្រឃើញអ្នកនាងមានសកម្មភាពបែបនេះពីមុនមក ។ អ្វីដែលកត់សម្គាល់ដ្បិតមិនបានប្រឡូកក្នុងសិល្បៈ ក្តី តែ ដួង ម៉ានិច និងស្វាមីតែងចែករំលែកវីដេអូរបស់ខ្លួនជាមួយការបង្ហាញសកម្មភាពប្រចាំថ្ងៃនៅផ្ទះលំហែរដល់អ្នកគាំទ្រនៅក្នុងបណ្តាញសង្គមជារៀងរាល់ថ្ងៃ ។ ជារឿយៗគេតែងឃើញប្តីប្រពន្ធថ្មីថ្មោងមួយគូនេះចំណាយពេលដាំដើមឈើហូបផ្លែ និងបន្លែមួយចំនួននៅក្នុងដីចំការខ្លួនដែលមើលទៅពិតជាស្រស់ស្រាយជាខ្លាំងជាមួយទិដ្ឋភាពនៅទីនោះ ។
បើតាមការលើកឡើងរបស់ ហ៊ាឆាត ស្វាមី ដួង ម៉ានិច បានឱ្យដឹងថាបើប្រៀបធៀបមុនរៀបការនិងក្រោយរៀបការពិតជាមានការខុសប្លែកគ្នា១៨០ដឺក្រេ តែម្តង ដូចជាសព្វថ្ងៃលោកនិងភរិយាបានមកចំណាយពេលរស់នៅក្នុងផ្ទះលំហែរនៅខេត្ត ។
មិនមែនជារឿងចៃដន្យទេព្រោះលោក និង ដួង ម៉ានិច មានគម្រោងមករស់នៅទីនេះតាំងពីតាំងពីមុនពេលរៀបការមកម្លេះដើម្បីមកមើលថែទាំផ្ទះ និងមើលថែដំណាំផ្សេងៗ ។ ទោះការប្រើជីវិតរស់នៅមិនហ៊ឺហាដូចមុនក្តី តែប្តីប្រពន្ធ ហ៊ា ឆាត និង ដួង ម៉ានិច កំពុងរីករាយជាមួយជីវិតបែបស្រស់ស្រាយនិងធម្មជាតិបែបនេះ។អ្វីដែលកត់សម្គាល់ទោះមិនមានសកម្មភាពក្នុងសិល្បៈជាយូរមកហើយក្តី តែតាមរយៈវីដេអូចែករំលែករបស់អ្នកទាំងពីរបានធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរនឹងចង់បានជីវិតរស់នៅបែបស្ងប់ស្ងាត់ តែរីករាយដូចអ្នកទាំងពីរ ៕