header ads

Sponsor

ពេលនះជីវិតឯកជនរបស់តារាចម្រៀង យ៉ែម សំអូន កាន់តែមានក្តីសុខនិងស្រស់ស្រាយជាងមុនដោយលោក និងភរិយាក៏បានវិលមកត្រូវរ៉ូវជាមួយគ្នាក្រោយបែកគ្នា ១០ឆ្នាំ ។ មួយវិញទៀតកូនស្រីតែមួយក៏បានបញ្ចប់ការសិក្សាដោយជោគជ័យផងដែរ។មិនមានការលាក់លៀមតារាចម្រៀងរូបនេះបានជំរុញឱ្យកូនស្រីឆាប់រកកូនប្រសារខណៈកញ្ញាក៏មានវ័យ ២៤ឆ្នាំហើយដែរ ។

លោក យ៉ែម សំអូន កាន់តែទទួលការស្រឡាញ់ពីសំណាក់អ្នកគាំទ្រក្រោយបានឃើញជីវិតគូរបស់លោក និងភរិយា យ៉ាន់ លីនដា បានវិលមកល្អូកល្អើនជាមួយគ្នាក្រោយពីសម្រេចថយម្នាក់មួយជំហានដើម្បីកូនស្រីជាទីស្រឡាញ់របស់ខ្លួនព្រោះលោកជឿថានៅពេលឱពុកម្តាយបែកបាក់គ្នាអ្នកដែលរងគ្រោះគឺកូននឹងកើតជំងឺបាក់ទឹកចិត្ត ។

រៀបរាប់នៅក្នុងកម្មវិធី V Talk Confession លោក យ៉ែម សំអូន បានឱ្យដឹងថាបើទោះលោក និងភរិយារស់នៅឆ្ងាយពីគ្នាកន្លងមកក្តី តែលោកមិនដែលគិតថាបែកគ្នាទេព្រោះលោកបានដឹងរឿងរ៉ាវជាច្រើនរបស់ភរិយាតាមរយៈកូនស្រីជាធម្មតាគ្រាន់តែមិនបានរួមរស់ជិតគ្នាតែប៉ុណ្ណោះ ។ មួយវិញទៀតទាំងលោក និងភរិយាក៏មិនមានអ្នកទីបីនោះដែរ ។កន្លងមកទោះជាបានបែកពីភរិយាក្តី តែលោកមិនដែលបានបើកកកាយ រឿងរ៉ាវក្នុងគ្រួសារប្រាប់ដល់សារព័ត៌មានណាឡើយពោលរក្សាភាពស្ងប់ស្ងាត់ទាំងអស់។ប៉ុន្តែការវិលមកត្រូវគ្នាវិញនេះប្រៀបដូចជាការចាប់ផ្តើមជាថ្មីរវាងលោក និងភរិយា យ៉ាន់ លីនដា ។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែលាន់មាត់សរសើរដល់លោក យ៉ែម សំអូន នោះគឺលោកមានកូនស្រីដែលល្អដើរតាមគន្លងធម៌បើទោះបានកើតនិងធំដឹងក្តីនៅប្រទេសជឿនលឿនក្តី ។ តួយ៉ាងលោក យ៉ែម សំអូន បានសរសើរដល់កូនស្រីដែលប្រៀបដូចជាគ្រាប់ពេជ្រមួយសម្រាប់លោកហើយពេលនេះដែរកូនស្រីក៏បានបញ្ចប់ការសិក្សាដោយជោគជ័យផងដែរ ។ អ្វីដែលធ្វើឱ្យលោកកាន់តែរំភើបនោះគឺកូនស្រីបាននិយាយថាបំណងប្រាថ្នារបស់នាងបានសម្រេចនៅពេលដែលបានយកសញ្ញាប័ត្របញ្ចប់ការសិក្សាជូនអ្នកមានគុណទាំងពីរទើបគិតពីជីវិតគូខ្លួនឯង ។ ខណៈដែលកូនស្រីកំពុងរស់នៅប្រទេសអូស្ត្រាលីជាមួយភរិយានោះលោក យ៉ែម សំអូន ក៏បានផ្តាំឱ្យកូនស្រីឆាប់រកកូនប្រសារឱ្យលោកនៅក្នុងពេលឆាប់ៗនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post