Sponsor

បើទោះបីជាទទួលរងការរិះគន់ ពីសំណាក់មហាជនជាច្រើនក្តី តែលោក ឯម រៀម នៅតែមិនបោះបង់អាជីពសិល្បៈឡើយ ។ មិនតែប៉ុណ្ណោះលោកនៅតែបញ្ជាក់ថាខ្លួនមិនបានបំផ្លាញវប្បធម៌ឬបំពុលសង្គមដូចមហាជនបានរិះគន់ឡើយ ពោលគ្រាន់តែលោកដើរលឿនពេក ខណៈមហាជនខ្មែរនៅមានកម្រិតមិនទាន់ទទួលយកអ្វីដែលថ្មីបាន។

កើតនៅក្នុងត្រកូលដែលមានលោកឪពុកជាជាងឈើអ្នកច្នៃម៉ូដដែលនិយមពាក់ស្បែកជើងកែងខ្ពស់ៗរូបនេះបាននិយាយនៅក្នុងកម្មវិធី ស និងខ្មៅកាលពីថ្ងៃទី ១៨ កន្លងមកថាការស្លៀកពាក់ប្លែកៗរបស់លោកកន្លងមកគ្រាន់តែជាទីផ្សារប៉ុណ្ណោះប្រសិនបើស្លៀកពាក់ធម្មតាគ្មាននរណាចាប់អារម្មណ៍ឬអញ្ជើញលោកទៅចូលរួមនៅកម្មវិធីណាឡើយ ។ ប៉ុន្តែយ៉ាងណាសម្លៀកបំពាក់ទាំងនោះលោកច្នៃសម្រាប់ស្លៀកខ្លួនឯងនិងបង្ហាញនៅក្នុងកម្មវិធីធំៗមិនមែនសម្រាប់លក់នោះទេ បើទោះមានលុយច្រើនក៏មិនអាចទិញបានដែរ ។ ទោះទទួលរងការរិះគន់ពីសំណាក់មហាជនដូចព្យុះចំពោះការច្នៃម៉ូដរបស់ខ្លួនក្តី តែលោកនៅតែយល់ថាខ្លួនមិនបានបំផ្លាញវប្បធម៌នោះទេ សូម្បីតែរូបភាពនៅក្នុងហ្វេសប៊ុក ឬការតុបតែងផ្ទះរបស់លោកក្តី ។លោក ឯម រៀម បានលើកឡើងថាខ្លួនមានចំណុចល្អច្រើន តែប្រជាពលរដ្ឋអត់នៅក្នុងសិល្បៈទើបមិនបានដឹងពីផ្ទៃក្នុងដឹងតែពីចំណុចតូចមួយរបស់លោកប៉ុណ្ណោះ ។

ដ្បិតនិយាយថាមិនមានអារម្មណ៍សប្បាយចិត្តនៅពេលដែលត្រូវគេរិះគន់ជេរប្រមាថចំពោះស្នាដៃថ្នៃម៉ូដរបស់ខ្លួន តែលោក ឯម រៀម នៅតែមិនចុះចាញ់ដោយលោកបានដឹងរួចហើយថាអ្នកសិល្បៈគឺត្រូវតែប្រឈមជាមួយរឿងបែបនេះហើយក៏មិនត្រូវបាក់ទឹកចិត្តចំពោះរឿងនេះដែរ ។ ជាចុងក្រោយលោក ឯម រៀម ក៏សំណូមពរឱ្យមហាជនថយម្នាក់មួយជំហានពោលឱ្យស្វែងយល់ពីការច្នៃម៉ូដរបស់លោកដោយសារលោកមុននឹងច្នៃម៉ូដសម្លៀកបំពាក់លោកក៏បានស្វែងយល់ពីសម័យនីមួយៗបានច្បាស់លាស់និងមានអំណះអំណាងត្រឹមត្រូវ ។

មួយវិញទៀតការច្នៃម៉ូដរបស់លោកក៏មានបង្កប់ទៅដោយសារអប់រំផងដែរ ។ អ្វីដែលចាប់អារម្មណ៍ឆាប់ៗខាងមុខនេះអ្នកច្នៃម៉ូដរូបនេះក៏មានគម្រោងចូលរួមនៅក្នុងព្រឹត្តិការណ៍ធំមួយដោយមានការសហការជាមួយសមាគមសិល្បៈផងដែរ ។ សព្វថ្ងៃក្រៅពីអាជីពសិល្បៈនិងគូរគំនូរលោក ឯម រៀម ក៏ជាគ្រូបង្រៀនច្នៃម៉ូដនៅសាលាឯកជនមួយដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor