បើទោះធ្លាប់សន្យាថានឹងតតាំងជម្លោះរហូតដល់ទីបញ្ចប់ជាមួយតារាចម្រៀង ម៉េង កែវពេជ្ជតា នឹងសន្យាមិនទទួលយកការសម្របសម្រួលពីបុគ្គលណាក្តី តែពេលនេះអ្នកនាង ចន ច័ន្ទលក្ខិណា ក៏ដូចជាតារាចម្រៀង ម៉េង កែវពេជ្ជតា ក៏បានសម្រេចបញ្ចប់ជម្លោះរ៉ាំរ៉ែរបស់ខ្លួនមិនថាដោយផ្ទាល់ឬតាមបណ្តាញសង្គមតាមរយៈការសម្របសម្រួលរបស់ប្រធានសមាគមសិល្បៈអ្នកឧកញ៉ា ម៉ៅ ចំណាន ។
ពាក្យចាស់ពោលថាក្រោយភ្លៀតមេឃស្រឡះពិតជាត្រឹមត្រូវព្រោះពេលនេះជម្លោះដ៏តានតឹងរបស់សិល្បការរិនីពីររូបគឺអ្នកនាង ម៉េង កែវពេជ្ជតា និង អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានដោះស្រាយដោយសន្តិវិធីក្រោយពីអ្នកទាំងពីរបានជួបមុខគ្នាដោយផ្ទាល់កាលពីថ្ងៃទី ២២ ម្សិលមិញនេះក្រោមការជួយសម្របសម្រួលពីសំណាក់ប្រធានសមាគមសិល្បៈអ្នកឧកញ៉ា ម៉ៅ ចំណាន ។
អ្វីដែលធ្វើឱ្យមហាជនក៏ដូចជាអ្នកសិល្បៈទាំងអស់បង្ហាញការរីករាយនោះគឺជម្លោះដ៏ក្តៅគគុករបស់តារាចម្រៀង ម៉េង កែវពេជ្ជតា និងអ្នកនាង ចន ច័ន្ទលក្ខិណា ដែលបានដើរដល់ផ្លូវច្បាប់នោះក៏បានបញ្ចប់១០០ភាគរយដោយអ្នកទាំងពីរសន្យាឈប់បញ្ឈប់ការផ្លែផ្កាដៀមដាមមិនថាដោយផ្ទាល់ឬប្រយោល ។អ្វីដែលចាប់អារម្មណ៍តាមរយៈរូបភាពជាច្រើនសន្លឹករួមគ្នារបស់តារាចម្រៀង ម៉េង កែវពេជ្ជតា អ្នកនាង ចន ច័ន្ទលក្ខិណា រួមទាំងប្រធានសមាគមសិល្បៈ ម៉ៅ ចំណាន បានធ្វើឱ្យមហាជនក៏ដូចជាមិត្តភក្តិក្នុងសិល្បៈត្រេកអរហើយរំពឹងថាអ្វីៗនឹងត្រូវបញ្ចប់ដោយសន្តិវិធីនិងល្អប្រសើរចាប់ពីពេលនេះតទៅ ។
ជាចុងក្រោយក្នុងនាមថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានបង្ហាញការអរគុណដល់សិល្បការិនីទាំងពីររូបហើយ សង្ឃឹមថា ចាប់តាំងពីពេលនេះតទៅ សង្គមសិល្បៈ នឹងមានភាពស្ងប់ស្ងាត់ យោគយល់អធ្យាស្រ័យគ្នា ប្រកបដោយការរួបរួមសាមគ្គីជាធ្លុងមួយដើម្បីចូលរួមលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិឱ្យកាន់តែរុងរឿងនិងរីកចម្រើនថែមទៀត៕