ប៉ុន្មានឆ្នាំចុងក្រោយនេះតារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា មិនមានបទចម្រៀងថ្មីៗសម្រាប់អ្នកគាំទ្ររបស់ខ្លួននៅក្នុងផលិតកម្មថោននោះឡើយ ។ជាហេតុធ្វើឱ្យមានការងឿងឆ្ងល់ថាតើតារាចម្រៀងរូបនេះឈប់ពីផលិតកម្មថោនឬបែបណា? មហាជនខ្លះលើកឡើងថា លី អ៊ីវ៉ាធីណា លែងខ្វល់ពីការងារសិល្បៈដោយសារនាងមានអាជីវកម្មផ្សេង។
លី អ៊ីវ៉ាធីណា ជាតារាចម្រៀងដែលមានទឹកដមសំឡេងពិរោះនិងមានប្រជាប្រិយភាពម្នាក់នៅក្នុងផលិតកម្មថោន ។នាងអាចច្រៀងបានមិនថាបទជាភាសាខ្មែរនិងបទជាភាសាចិននោះទេ តែប៉ុន្មានឆ្នាំចុងក្រោយនេះតារាចម្រៀងរូបនេះមិនមានបទថ្មីនៅក្នុងផលិតកម្មឡើយសូម្បីតែការច្រៀងនៅតាមឆាកតន្រ្តីនានានោះក៏គេមិនដែលឃើញវត្តមាននាងដែរ ។
ប៉ុន្តែយ៉ាងណាតារាចម្រៀងរូបនេះតែងចែករំលែកបទចម្រៀងអតីតកាលល្បីៗរបស់នាងនៅក្នុងបណ្តាញ សង្គមដល់អ្នកគាំទ្រ តួយ៉ាងថ្មីៗនេះ លី អ៊ីវ៉ាធីណា បានលើកឡើងថានាងបានចាកចេញពីផលិតកម្មថោនហើយកន្លងមកនាងបាត់មុខពីអាជីពសិល្បៈដោយសារតែសំងំព្យាបាលក្បាលជង្គង់ តែពេលនេះបានជាសះស្បើយហើយ ។ មិនតែប៉ុណ្ណោះតារាចម្រៀង លី អ៊ីវ៉ាធីណា ក៏បានប្រកាសទទួលច្រៀងនៅក្នុងកម្មវិធីនានាទៀតផង ។
ខុសពីតារាដទៃតារាចម្រៀង លី អ៊ីវ៉ាធីណា មិនបានស្រវារកទ្រនំថ្មីទេ ជាពិសេសម្រាប់តារាជើងចាស់និងមានឈ្មោះបោះសំឡេងដូចនាង តែយ៉ាងណាតារាស្រីមាឌល្អិតរូបនេះបែរជាជ្រើសរើសការធ្វើជាតារាចម្រៀងឯករាជ្យ។ បន្ថែមពីនេះ លី អ៊ីវ៉ាធីណា ក៏ចាប់ផ្តើមទទួលរាល់ការចូលរួមនៅក្នុងកម្មវិធីផ្សេងៗមិនថាច្រៀងជាភាសាខ្មែរឬ ភាសាចិននោះឡើយ ។ ក្រៅពីអាជីពសិល្បៈតារាចម្រៀងកូនកាត់ចិនរូបនេះក៏ជាម្ចាស់ភោជនីយដ្ឋានមួយដែលបានបើកដំណើរការប្រមាណជា៦ឆ្នាំដែលនាងចូលហ៊ុនជាមួយដៃគូស្រីម្នាក់ដែលមានការសង្ស័យថាអ្នកទាំងពីរជាគូស្នេហ៍និងគ្នា៕