នេះជាលើកទី៥ដែល អ្នកនិពន្ធ និងជាតារាចម្រៀង ម៉ា ច័ន្ទបញ្ញា លេចមុខក្នុងកម្មវិធីធំមួយនៅប្រទេសចិនក្នុងនាមជាតារាចម្រៀងការទូតតំណាងឱ្យប្រទេសកម្ពុជា។អ្វីដែលគួរឱ្យសរ សើរតារាចម្រៀងរូបនេះបានលើកយកសម្លៀកបំពាក់តំណាងជាតិដែលទទួលគំរូពីព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដើម្បីពាក់ចូលរួមនៅក្នុងព្រឹត្តិការណ៍មួយនេះ ។
ក្នុងនាមជាតារាចម្រៀងការទូតតំណាងឱ្យប្រទេសកម្ពុជាលោក ម៉ា ច័ន្ទបញ្ញា បានចូលរួមនៅក្នុងកម្មវិធីមេគង្គ-ឡានឆាង ដែលរៀបចំឡើងនៅទីក្រុង Yushu ខេត្តឈីងហៃ ប្រទេសចិន។នេះជាលើកទី៥ដែលតារាចម្រៀងOriginal Song រូបនេះមានវត្តមាននៅក្នុងកម្មវិធីដ៏ធំមួយនេះ។ សម្រាប់ឆ្នាំ ២០២៤នេះលោក ម៉ា ច័ន្ទបញ្ញា ក៏បាននាំយកនូវសម្លៀកបំពាក់ដែលតំណាងជាតិសម្រាប់ស្លៀកចូលរួមនៅក្នុងកម្មវិធីដ៏ធំនេះផងដែរ ។ លើកនេះក៏មិនខុសពីលើកមុន ក្រៅពីបង្ហាញអារម្មណ៍រំភើបតារាចម្រៀង ម៉ា ច័ន្ទបញ្ញា បានលើកឡើងថាទំនេរពីការត្រៀមខ្លួមសម្តែងលោកបានឆ្លៀតធ្វើរឿងធំៗចំនួនបី ដែលទីមួយគឺលោកធ្វើការប្រម៉ូតខ្លួនឯង និងប្រទេស ទីពីរ ទំនាក់ទំនងមិត្តភក្តិក្នុងស្រុក និងបណ្ដារប្រទេសដទៃនិងទីបី យល់ដឹងពីភូមិសាស្ត្រទំនៀមទម្លាប់ រួចកែច្នៃយកមកប្រើប្រាស់សម្រាប់ជនជាតិយើង។«ខ្ញុំមានរូបមន្តមួយ គឺ មិនថាទៅណាឬមកណាទេ យ៉ាងហោចណាស់ ត្រូវអោយគេស្គាល់ជនជាតិខ្មែរយើងជានរណា 3ទៅ5នាក់យ៉ាងតិច» នេះជាសម្តីរបស់តារាចម្រៀង ម៉ា ច័ន្ទបញ្ញា ។
បន្ថែមពីនោះតារាចម្រៀង ម៉ា ច័ន្ទបញ្ញា បានបង្ហោះសំណេរថា «ខ្ញុំដឹងថាខ្ញុំមិនល្អគ្រប់គ្រាន់អីនោះទេ តែយ៉ាងហោចណាស់ ខ្ញុំមិនបានធ្វើអ្វីបំផ្លាញជាតិ ធ្វើអោយចលាចលដល់សង្គម ហើយនេះគឺជាខ្ញុំ ដែលខិតខំដើម្បីមនុស្សជំនាន់ក្រោយ។ សូមអរគុណដែលបានអនុញ្ញាតអោយខ្មែរបង្ហាញមុខ ក្នុងចំណោមអន្តរជាតិ»។ម្ចាស់បទ«សង្សារចាស់»រូបនេះយល់ថាស្មារតីស្នេហាជាតិ មិនចាំបាច់ទាល់តែសមាគមសិល្បៈ ឬក្រសួងវប្បធម៌ ទម្លាក់លិខិតជូននោះទេ យើងម្នាក់ៗត្រូវចាប់ផ្ដើមពីយើងទៅ៕