មានការគាំទ្រជាច្រើនក្រោយបានឃើញ ព្រះគ្រូធម្មាចារ្យផលធរោ ផុន ភក្តី បានបង្ហោះសារលើកឡើងចំៗក្រោយឃើញព្រះសង្ឈបីអង្គកាន់ស្លាកឈ្នះរង្វាន់ភេសជ្ជៈមួយជាសាធារណៈ ។ ព្រះគ្រូធម្មាចារ្យផលធរោ ផុន ភក្តី ថាជាឧត្តមភេទមិនគួរកាន់ស្លាកបែបនេះព្រោះជាគំរូមិនល្អដល់ឧត្តមភេទរួមសាសនានឹងចូលរួមផ្សព្វផ្សាយដែលធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋថែមទៀត។
គួរបញ្ជាក់ថាក្រោយពីបានឃើញរូបភាពព្រះសង្ឃបីអង្គបានកាន់ស្លាកទទួលរង្វាន់ភេសជ្ជៈមួយដោយមានពិធីការិនី ថន លក្ខិណា ទៅចូលរួមជូនរង្វាន់និងបង្ហាញភាពរីករាយជាសាធារណៈនោះ ព្រះគ្រូធម្មាចារ្យផលធរោ ផុន ភក្តី បានសង្ឈដីកាថាមិនមែនជារឿងត្រឹមត្រូវទេហើយ បើព្រះសង្ឈត្រូវរង្វាន់គួរឱ្យបងប្អូនឬលោកអាចារ្យទៅទទួលជំនួស ។
ក្នុងនោះ ព្រះគ្រូធម្មាចារ្យផលធរោ ផុន ភក្តី បានរៀបរាប់យ៉ាងក្បោះក្បាយថា «ឃើញហើយបើមិនប្រាប់ទេ ខ្លាចថ្ងៃក្រោយមានព្រះអង្គផ្សេងត្រូវធ្វើតាមបែបណឹងទៀតមិនគប្បីទេលោកម្ចាស់បើត្រូវគ្រាន់តែឱ្យបងប្អូនឬអាចារ្យទទួលជំនួសទៅ បើក្រុមហ៊ុនគេចង់ថត ព្រោះគ្នាជាឃរាវាសគ្នាមិនយល់ថាសមមិនសមត្រូវឬខុសធម៌វិន័យទេ (គេអ្នករកស៊ី) តែគួរគិតដែរថាសមឬអត់ឱ្យឧត្តមភេទទៅកាន់ផ្លាករង្វាន់ថតផុសជាសាធារណៈនេះ ថ្ងៃក្រោយលោកគ្រូសង្ឃឹមថាមិនឃើញរូបភាពបែបនេះទៀតចុះមិនបន្ទោសលោកម្ចាស់ទេ តែជាសារដល់ព្រះសង្ឃដទៃទៀត ថ្ងៃក្រោយកុំដល់ថ្នាក់ណឹងអី លោកគ្រូនិយាយតែម្តងនេះទេ ព្រះអង្គគ្រប់អង្គត្រូវស្គាល់ថាខ្លួនឯងជាអ្វី?
វាជាគំរូមិនល្អដល់ឧត្តមភេទរួមសាសនា ថែមទាំងដូចចូលរួមផ្សព្វផ្សាយផលប៉ះពាល់សុខភាព ដល់ប្រជាជនយើងថែមទៀត ព្រោះភេសជ្ជៈគ្រប់ប្រភេទ ដែលប្រើតែស្ករសិប្បនិមិត្តនេះវាប៉ះពាល់សុខភាពខ្លាំងណាស់ ដែលប្រជាជនគ្រប់រូបត្រូវយល់ដឹង»។
ប៉ុន្តែយ៉ាងណាព្រះគ្រូធម្មាចារ្យផលធរោ ផុន ភក្តី បានបន្ថែមថា ព្រះអង្គមិនបានបន្ទោសដល់លោកម្ចាស់ទាំងបីអង្គទេ គ្រាន់តែថ្ងៃក្រោយកុំឱ្យមានរឿងបែបនេះកើតឡើងព្រោះជាគំរូមិនល្អ។ សម្រាប់សារដ៏មានន័យរបស់ ព្រះគ្រូធម្មាចារ្យផលធរោ ផុន ភក្តី ក៏ទទួលបានការពេញចិត្តនិងបញ្ចេញយោបល់ជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមដោយម្នាក់ៗបានលើកជាគំនិតផ្សេងៗថា«ទម្រាំបានប៉ុណ្ណេះទឹកនោមផ្អែមមិនតិចអង្គទេទាន ជួយឃោសនាបានទឹកនោមទាំងអស់គ្នាញោម ខុសខ្លាំងបំផុតក្នុងនាមជាពុទ្ធសាសនិក ត្រង់កាន់ស្លាកនិងកាន់លុយបង្ហាញថតជាសាធារណះដូចឃរាវាសទូទៅ នេះគេហៅថាសង្គមមានពុទ្ធសាសនាតែខ្វះការយល់ដឹងពីវប្បធម៌ប្រពៃណីនិងកាលៈទេសៈ» «ដោយសារអពេកភ្លេចនូវធម៌វិន័យសង្ឃអស់! ឬក៍ព្រះសង្ឃទាំងនេះលោកមិនទាន់យល់មិនទាន់បដិបត្តិធម៌ទេ លោកម្ចាស់? ដោយអំណាចលុយ១២៥លានរៀលនេះ ព្រះចៅអធិការ លោកតាអាចារ្យគណ:កម្មកាក្នុងវត្តភ្លេចអស់ ថាអ្វីត្រូវអ្វីខុសណាលោកម្ចាស់! ខ្ញុំព្រះករុណាសូមខមាទោសផង កុំឲ្យករុណាមានពារមានបាបលើ ប្រការណាមួយណាព្រះអង្គម្ចាស់» «លោកគ្រូ មានសង្ឈដីកាត្រូវ ណាស់ អោយក្មេងវត្តទៅបើកក៏បាន ក៏មិនអាក្រក់មើលចឹង»៕