header ads

Sponsor

មានការគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនក្រោយតារាចម្រៀង ម៉េង កែវពេជ្ជតា បានបង្ហោះសាររៀបរាប់បង្ហាញពីការមិនពេញចិត្តចំពោះការយកសំឡេងទ្រមករិះគន់លេងសើចដោយគិតថាជាសំឡេងរំខានដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃឧបករណ៍តន្ត្រីបុរាណខ្មែរ  និងប៉ះពាល់ដល់ទឹកចិត្តសតិអារម្មណ៍របស់លោកគ្រូ អ្នកគ្រូ ជាតន្ត្រីករផ្នែកបុរាណផងដែរ។

ក្នុងនាមជាតារាចម្រៀងដែលមានប្រជាប្រិយភាពនិងជាកូនស្រីរបស់អតីតស្តេចទ្រសោល្បីល្បាញម្នាក់តារាចម្រៀង ម៉េង កែវពេជ្ជតា បានរៀបរាប់សារយ៉ាងវែងអន្លាយដែលបង្ហាញការមិនពេញចិត្តចំពោះអ្នកលេងហ្វេសប៊ុកមួយចំនួនដែលបានយកសំឡេងទ្រមកBully លេងសើច។មិនតែប៉ុណ្ណោះអ្នកនាងក៏សំណូមពរឱ្យក្រសួងពាក់ព័ន្ធចូលរួមជួយបញ្ឈប់ចំពោះសកម្ម ភាពអវិជ្ជមានទាំងនេះ ។ តារាចម្រៀង ម៉េង កែវពេជ្ជតា បានបង្ហោះសារថា «ប៉ុន្មានថ្ងៃនេះខ្ញុំមើលឃើញថា មានការលើកយកសម្លេងទ្រ មក Bully លេងសើចយ៉ាងសម្បើម ។ នេះក៏ដោយសារមានការបង្ហោះឈុតមួយនៃវីដេអូរឿងខ្មែរដែលនិយាយថាថ្លង់សម្លេងទ្ររកដេកពួនមិនបាន ។ 

តាមរយៈវីដេអូឈុតខ្លី និងសម្តីក្នុង Comments អ្នកខ្លះបានប្រើពាក្យចំអកបន្ទាបបន្ថោកតម្លៃ ទ្រ ដែលជាឧបករណ៍ភ្លេងបុរាណខ្មែរដ៏ចំណាស់នេះយ៉ាងខ្លាំងរហូតអ្នកខ្លះហ៊ានប្រដូចទៅនឹងរូបភាពក្នុងន័យមិនល្អទៀតផង។កាយវិការទាំងនេះ បានធ្វើអោយប៉ះពាល់ដល់តម្លៃនៃឧបករណ៍ តន្ត្រីបុរាណខ្មែរផង និងប៉ះពាល់ដល់ទឹកចិត្តសតិអារម្មណ៍របស់លោកគ្រូ អ្នកគ្រូ តន្ត្រីករ( អ្នកលេងភ្លេងបុរាណ លេងទ្រ ) ផង ។

ការលេងសើចនេះដែរក៏អាចបញ្ជាក់ពីកំរិតយល់ដឹង ការគោរព និងភាពជាតិសាសន៍វប្បធម៌និយមរបស់មនុស្សមួយចំនួននៅមានកំរិតទាបគួរអោយបារម្ភ។សោកស្តាយ និងឈឺចាប់បំផុតដែលខ្លួនជាខ្មែរតែមិនស្គាល់អ្វីជារបស់ខ្មែរខ្លួនឯង « មានរបស់មិនចេះថែប៉ុន្តែចូលចិត្តឡាំប៉ានៅពេលគេយកទៅបាត់ » ។ 

ដំបូងខ្ញុំខំទប់ចិត្តអូសរំលងធ្វើមើលមិនឃើញដែរ ប៉ុន្តែមិនអាចធ្វើចិត្តបានសោះព្រោះទោះជាបិទភ្នែកយ៉ាងណាក៏ខ្ញុំជាខ្មែរ លោកឪពុករបស់ខ្ញុំជាស្តេចទ្រសោរបស់ប្រទេសខ្មែរ អ្នកម្តាយខ្ញុំ រូបខ្ញុំ បងប្អូនខ្ញុំជាតន្ត្រីករជាអ្នកចម្រៀងអាយ៉ៃ សម័យ បុរាណ ភ្លេងការ មហោរីយីកេបាសាក់ ។ ល ។ ដូច្នេះបើខ្ញុំមិនអើពើទេ គឺខ្ញុំមិនគប្បីឡើយ ទើបក្នុងពេលនេះ ខ្ញុំដាច់ចិត្តលើកដៃសំពះអង្វរដោយទទូចចំពោះបងប្អូនដែលយក ទ្រ មក Bully ក្នុងបណ្តាញសង្គមមួយចំនួននេះ ក៏ដូចជាសំណូមពរទៅកាន់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមនិងស្ថាប័នពាក់ព័ន្ធសូមមេត្តាឈប់ និងជួយបញ្ឈប់រាល់សកម្មភាពលេងសើចមិនទំនងជាមួយឧបករណ៍ភ្លេងបុរាណខ្មែរឬអ្វីដែលទាក់ទងនឹងសិល្បៈខ្មែរដែលទាំងអស់នេះគឺជាអត្តសញ្ញា ណជាតិ ជាសម្បត្តិកេរ្ត៍ដូនតាជាទីគោរពសក្ការៈ និងមានតម្លៃលើសអ្វីៗអោយបានឆាប់ មុននឹងវិស័យសិល្បៈវប្បធម៌របស់យើងត្រូវបានគេប្រមាថ និងឈានទៅរកការបាត់បង់ ។

សូមជម្រាបថា ទ្រ គឺជាឧបករណ៍តន្ត្រីបុរាណខ្មែរដែលដើរតួយ៉ាងសំខាន់ក្នុងបទភ្លេងចម្រៀង ល្ខោន របាំ ពិធីខ្មែរមិនអាចខ្វះបាន ។ ទ្រខ្មែរខ្សែ៣ ទ្រសោ ទ្រអ៊ូ ទ្រឆេ ..ទាំងអស់នេះពេលខ្លះធ្វើជាតួឯកទៀតផងទៅតាមទំរង់នៃបទភ្លេង ចម្រៀង ។ ក្នុងពិធីរៀបមង្គលការ ទ្រសោ ទ្រខ្មែរខ្សែ៣គឺជាតួឯកសម្រាប់នាំមុខ ។ ទ្រ នៅមានតួនាទីជាច្រើនទៀតស្ទើតែលើសឧបករណ៍តន្ត្រីបុរាណខ្មែរដទៃទៀតផង ។ នាងខ្ញុំសង្ឃឹមថា សារមួយនេះនឹងជួយបណ្តាលចិត្តបងប្អូនដែលយល់ខុសមួយចំនួន អោយបញ្ឈប់រាល់ការគិត និងសកម្មភាពមិនល្អ ហេីយងាគមកជួយគ្នាថែរក្សាការពារអោយបានមាំមួននូវសម្បត្តិវប្បធម៌ខ្មែរដ៏កំសត់របស់យើងដើម្បីអោយមានស្នាមញញឹមដើរទន្ទឹមនឹងភាពស៊ីល័យនៃឧបករណ៍តន្ត្រីសម័យដែលជាឧបករណ៍ភ្លេងរបស់បច្ចឹមប្រទេស» ។សាររបស់តារាចម្រៀង ម៉េង កែវពេជ្ជតា ក៏ទទួលបានការគាំទ្រពីសំណាក់ហ្វេន ហ្វេនជាច្រើនដោយអ្នកខ្លះបានបង្ហាញការអរគុណនិងសរសើរដល់ទឹកចិត្តរបស់តារាចម្រៀងរូបនេះដែលមានការព្រួយបារម្ភខ្លាចបាត់បង់ចំពោះឧបករណ៍ភ្លេងបុរាណខ្មែរ៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post