ផ្ទុះការចាប់អារម្មណ៍ពីសំណាក់មហាជនជាអ្នកលេងបណ្តាញសង្គមជាច្រើនក្រោយពីបានឃើញភរិយាលោក ស៊ុក សុភា បាននិយាយថាអ្វីដែលអ្នកនាងធ្លាប់បន់ស្រន់ឱ្យតារាចម្រៀង ទូច ស៊ុននិច ច្រៀង និងដើរបានជិតឃើញលទ្ធផលហើយ ។ មិនតែប៉ុណ្ណោះអ្នកនាង សារីណា បានព្រលយថាអតីតតារាចម្រៀងរូបនេះនឹងធ្វើឱ្យបងប្អូនខ្មែរដែលរស់នៅប្រទេសអូស្រ្តាលីភ្ញាក់ផ្អើល ។
គួរឱ្យដឹងថាបើគិតមកដល់ពេលនេះរយៈពេល ២១ឆ្នាំហើយដែលមហាជនដែលជាអ្នកគាំទ្រអតីតតារាចម្រៀងស្រីល្បីឈ្មោះទូច ស៊ុននិច មិនដែលបានឃើញពីរូបភាពឬស្ថានភាពសុខភាពអ្នកនាងដោយផ្ទាល់នោះឡើយ ។ ពោលបានត្រឹមតែឃើញនៅក្នុងការចែករំលែករូបភាពចាស់ៗនៅតាមបណ្តាញសង្គមរបស់អ្នកនាងតែប៉ុណ្ណោះ ។
អ្នកគាំទ្រជាច្រើននៅតែនឹកឃើញទឹកដមសំឡេងផ្អែមពិរោះរបស់អតីតតារាចម្រៀងរូបស្រស់ម្នាក់នេះ ។ ប៉ុន្តែថ្មីៗនេះអ្នកគាំទ្រជាច្រើនបានបង្ហាញការចាប់អារម្មណ៍ក្រោយបានឃើញនូវការព្រលយខ្លះៗរបស់ភរិយាលោក ស៊ុក សុភា ចំពោះវត្តមានរបស់អតីតតារាចម្រៀង ទូច ស៊ុននិច ។ ថ្មីៗនេះគេកបានឃើញគណនីយហ្វេសប៊ុកដែលមានឈ្មោះថា Touch Sunnix បានបង្ហោះរូបភាពរបស់អតីតតារាចម្រៀង ទូច ស៊ុននិច មួយសន្លឹកអមដោយសារថា «9/9/2024 មកបងប្អូនមកជួយនាងខ្ញុំដំឡើងគ្រឿងអលង្ការសំរាប់ពាក់ឡើង នឹកនិងស្រលាញ់បងប្អូនទាំងអស់គ្នា»។
ជាមួយគ្នានេះគេសង្កេតឃើញភរិយាអតីតតារាសម្តែង ស៊ុក សុភា បានស៊ែរសាររបស់អតីតតារាចម្រៀង ទូច ស៊ុននិច ភ្ជាប់នូវសម្តីគួរឱ្យចាប់អារម្មណ៍ថា «អ្វីដែលខ្ញុំធ្លាប់សុំបងប្អូនអោយជួយបន់ស្រន់បួងសួងសុំអោយគាត់ដើរវិញបានច្រៀងវិញបានដូចដើមពេលនេះយើងជិតឃើញលិទ្ធផលហើយគឺបង ទូច ស៊ុននិច នឹងមានអ្វីធ្វើអោយបងប្អូនភ្ញាក់ផ្អើលក្នុងពេលឆាប់ៗ
កុំភ្លេចគំាទ្រ ណាបងប្អូនអូស្ដ្រាលីយើង»។ សម្តីរបស់អ្នកនាង សារីណា បានធ្វើឱ្យអ្នកដែលជាអ្នកគាំទ្រអតីតតារាចម្រៀងដ៏ល្បីរូបនេះបានសម្តែងការរីករាយហើយរំពឹងថានឹងបានឃើញវត្តមានកញ្ញា ទូច ស៊ុននិច បង្ហើរសំនៀងជាថ្មីម្តងទៀតក្រោយអវត្តមានជាង ២០ឆ្នាំ ។ គួរបញ្ជាក់ថា អតីតតារាចម្រៀងស្រីល្បីឈ្មោះទូច ស៊ុននិច បានរងការបាញ់ប្រហារ ក្នុងបំណងផ្តាច់ជីវិតកាលពី អំឡុងឆ្នាំ២០០៣ និងត្រូវបានបញ្ជូនចេញទៅព្យាបាលនៅក្រៅប្រទេសភ្លាមៗ ផងដែរ៕