មហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលជាខ្លាំងក្រោយបានឃើញភរិយាតារាសម្តែង ស៊ុក សុភា លើកឡើងថាអតីតតារាចម្រៀង ទូច ស៊ុននិច នឹងបង្ហាញខ្លួនឡើងវិញនៅក្នុងពេលឆាប់ៗនេះនៅប្រទេសអូស្រ្តាលី ។ជាមួយនឹងការត្រេកអរក៏មានអ្នកខ្លះលើកឡើងថាជាការពិតមែនឬបែបណាព្រោះកន្លងមកធ្លាប់ឮថាស្ថានភាពសុខភាពរបស់អតីតតារាចម្រៀងរូបនេះមិនល្អទេបើទោះបានចេញទៅព្យាបាលនៅក្រៅប្រទេសក្តី ។
ធ្មេចបើកៗរយៈពេល ២១ឆ្នាំហើយដែលអតីតតារាចម្រៀងល្បីលំដាប់ប្រទេស ទូច ស៊ុននិច បានទទួលរងការបាញ់ប្រហារហើយរហូតមកដល់ពេលនេះអ្នកនាងក៏មិនទាន់ទទួលបានយុត្តិធម៌អ្វីដែរ ។ ក្រៅពីដឹងថាអតីតតារាចម្រៀងរូបនេះរស់នៅសហរដ្ឋអាមេរិករហូតមកដល់ពេលនេះគ្មាននរណាម្នាក់ដឹងពីស្ថានភាពសុខភាពរបស់អ្នកនាងឬជីវិតឯកជនរបស់អ្នកនាងនោះឡើយ ។ ប៉ុន្តែកាលពីថ្ងៃទី ១០ ម្សិលមិញនេះភរិយារបស់តារាសម្តែង ស៊ុក សុភា បានផ្តល់ដំរួយថាអ្នកនាង ទូច ស៊ុននិច នឹងធ្វើឱ្យមហាជនរស់នៅប្រទេសអូស្រ្តាលីភ្ញាក់ផ្អើលនៅក្នុងពេលឆាប់ៗនេះ ។
មិនត្រឹមតែនិយាយបែបនេះទេភរិយារបស់អតីតតារាសម្តែង ស៊ុក សុភា បានបន្ថែមទៀតថាអ្នកនាងតែងនិយាយទូរស័ព្ទជាមួយ ទូច ស៊ុននិច ហើយបើនិយាយពីសំឡេងរបស់អតីតតារាចម្រៀងរូបនេះនៅតែឆ្វាចដូចដើមហើយមហាជនទាំងអស់នឹងភ្ញាក់ផ្អើលនឹងរូបរាងរបស់ ទូច ស៊ុននិច នាពេលបច្ចុប្បន្ន។
ប៉ុន្តែយ៉ាងណាអ្នកនាង សារីណា សុំមិននិយាយអ្វីវែងឆ្ងាយទេដោយសារសាម៉ីខ្លួន ទូច ស៊ុននិច ចង់ឱ្យលាក់សិន ។ បើទោះមិនមានពេលវេលាជាក់លាក់ក្តី តែអ្នកនាង សារីណា បានលើកឡើងថាចាំអ៊ុតមើលទាំងអស់គ្នាមិនយូរទេ ។
ជាមួយការលើកឡើងរបស់អ្នកនាង សារីណា ពី វត្តមានរបស់អតីតតារាចម្រៀង ទូច ស៊ុននិច ត្រៀមបង្ហាញវត្តមាននៅប្រទេសអូស្រ្តាលីនោះបានធ្វើឱ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ព្រោះម្នាក់ៗស្ទើរតែភ្លេចអ្នកនាងបាត់ហើយព្រោះរយៈពេលជាង ២០ឆ្នាំមកនេះគេមិនដែលឃើញរូបភាពឬសកម្មភាពរបស់អ្នកនាងចែកចាយជាសាធារណៈម្តងណាឡើយ ។គួរឱ្យដឹងថា ទូច ស៊ុននិច ជាអតីតតារាចម្រៀងដែលមានទាំងសមត្ថភាព និងចំណេះដឹងខ្ពង់ខ្ពស់ តែគួរឱ្យស្តាយអ្នកនាងត្រូវជនអនាមិកបាញ់ប្រហារកាលពីអំឡុងឆ្នាំ ២០០៣៕