រូបសម្រស់រួមផ្សំនិងសមត្ថភាពបានធ្វើឱ្យតារាសម្តែងវ័យក្មេង សាន្ត កុសុមៈ ក្លាយជាតារាស្រីដែលមានឈ្មោះបោះសំឡេងនៅក្នុងលំដាប់ជួរមុខ ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះតារាវ័យក្មេងរូបនេះក៏បានសំងំវិវត្តន៍ខ្លួនជាផលិតករនិងអ្នកដឹកនាំរឿងម្នាក់ដែលពេលនេះកំពុងមមាញឹកនៅក្នុងការថតរឿងដែលត្រៀមនឹងដាក់បញ្ចាំងនៅក្នុងពេលឆាប់ៗខាងមុខនេះ ។
គួរឱ្យដឹងថាមុននឹងក្លាយជាតារាសម្តែងស្រីដែលមានប្រជាប្រិយភាព សាន កុសុមៈ គឺជាអតីត ធីតាឯកសង្រ្កាន្ត រដូវកាលទីពីរនៅក្នុងឆ្នាំ ២០២១ ដែលគិតមកដល់ពេលនេះកញ្ញាក៏បានលេចមុខនៅក្នុងការសម្តែងរឿងភាគមួយចំនួន តាមបណ្តារទូរទស្សន៍នានារួមនឹងការថតស្ប៉តផលិតផលជាច្រើន ។
ក្រៅពីនេះ សាន្ត កុសុមៈ ក៏ធ្លាប់ចេញទៅប្រទេសជិតខាងដើម្បីចូលរួមនៅក្នុងកម្មវិធីមួយចំនួនក្នុងនាមជាសិល្បការិនីតំណាងប្រទេសកម្ពុជាដែរ ។ អ្នកគាំទ្រជាច្រើនសុទ្ធតែលាន់មាត់សរសើរពីសមត្ថភាព ជាពិសេសរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិរបស់តារាស្រីវ័យក្មេងរូបនេះ។អ្វីដែលគួរឱ្យកត់សម្គាល់ក្រៅពីអាជីពជាតារាសម្តែងពេលនេះ សាន្ត កុសុមៈ បានបន្ថែមអាជីពថ្មីមួយទៀតដោយកញ្ញាបានវិវត្តន៍ខ្លួនជាផលិតករ និងអ្នកដឹកនាំរឿងដែលសព្វថ្ងៃ កញ្ញាក៏កំពុងដឹកនាំការសម្តែងរឿងបុរាណមួយ ។
ដោយចង់ទុកឱ្យអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើល សាន្ត កុសុមៈ មិនទាន់បង្ហើបថារឿងដែលខ្លួនកំពុងផលិតមានចំណងជើងអ្វីនោះទេ តែយ៉ាងណានាងសង្ឃឹមថាអ្នកគាំទ្ររបស់ខ្លួននឹងពេញចិត្តព្រោះថារឿងមួយនេះនាងក៏ដូចជាក្រុមការងារបានប្រឹងប្រែងនឹងសម្រិតសម្រាំងជាខ្លាំង ដែលតាមគម្រោងរឿងនេះនឹងចាក់ផ្សាយនៅក្នុងគណនីយហ្វេសប៊ុករបស់នាង។ ទោះជាទទួ លស្គាល់ថាការងារជាផលិតករមានការលំបាក និងហត់នឿយស្ត្រេសខ្លាំងក្តី តែ សាន្ត កុសុមៈ បានឱ្យដឹងថាការងារនេះក៏ជាការងារដែលនាងស្រឡាញ់ក្រៅពីអាជីពសម្តែង ។ ទោះមិនទាន់ដឹងសាច់រឿងបែបណាក្តី តែ ហ្វេន ហ្វេន របស់ស្រីស្អាត សាន្ត កុសុមៈ រំពឹងថាស្នាដៃផលិតរឿងដំបូងរបស់អាយដលខ្លួននឹងមានគុណភាពល្អ ព្រោះនាងក៏ជាតារាស្រីដែលមានសមត្ថភាព និងទេពកោសល្យម្នាក់ដែរ ។មិនមែនមានតែ សាន្ត កុសុមៈ នោះទេ កន្លងមក អតីតបវរកញ្ញា រ៉េត សារីតា ក៏បានសំងំហាត់រៀនជំនាញផលិតករនេះផងដែរ៕