ធ្មេចបើកៗរយៈពេលជាងបីឆ្នាំដែលតារាចម្រៀង នាង គន្ធា និងគូស្នេហ៍ភេទដូចគ្នាតារាចម្រៀង ម៉ា ម៉ា បានភ្ជាប់ទំនាក់ទំនងជាមួយគ្នា ហើយអ្វីដែលគួរឱ្យសរសើរនោះគូស្នេហ៍វ័យក្មេងទាំងពីរក៏បានបើកចំហជាសាធារណៈទៀតផង ។ ថ្មីៗនេះតារាចម្រៀង នាង គន្ធា បានបង្ហាញភាពរីករាយក្រោយសម្រេចក្តីស្រមៃរួមគ្នាមួយ ។
ចំណងស្នេហ៍ភេទដូចគ្នារបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាង គន្ធា ក៏ទទួលបានការដឹងឮពីសំណាក់ចាស់ទុំទាំងសងខាងពោលគឺពួកគេរួមរស់ក្រោមដំបូលតែមួយដូចដៃគូភេទផ្ទុយគ្នា ។ អ្នកគាំទ្រជាច្រើនក៏បានចូលរួមត្រេកអរនិងសាទរចំពោះចំណងស្នេហ៍របស់តារាចម្រៀងវ័យក្មេងទាំងពីររូបផងដែរ ។
អ្វីដែលគួរឱ្យកត់សម្គាល់កាលពីថ្ងៃទី ០៩ ម្សិលមិញនេះ នាង គន្ធា និងគូស្នេហ៍ បានដឹកដៃគ្នាទៅទិញដីដែលជាទ្រព្យរួមគ្នានៅក្នុងខេត្តកំពង់ឆ្នាំងជិតវត្តព្រះធាតុ ដែលនាងប្រាប់ថាជាក្តីស្រមៃទីពីរដែលបានសម្រេចរួមគ្នា ។ ក្នុងនោះតារាចម្រៀងរូបនេះនិយាយថាដីនេះជាកន្លែងដែលគូស្នេហ៍ ម៉ាម៉ា ស្រឡាញ់និងប៉ងប្រាថ្នាមកយូរហើយ ។ ទោះមិនបានប្រាប់ពីក្តីស្រមៃទីមួយក្តី តែប្រភពមិត្តភក្តិបានព្រលយថាមួយរយៈមុនពួកគេបានប្តូរស៊េរីរថយន្តខ្ពស់ជាងមុន ។
មិនខុសពីគូស្នេហ៍ភេទផ្ទុយគ្នាឡើយតារាចម្រៀង នាង គន្ធា និង ម៉ា ម៉ា តែងបង្ហាញក្តីស្រឡាញ់និងភាពផ្អែមល្ហែមនៅតាមបណ្តាញសង្គមដល់អ្នកគាំទ្រ។ មិនថាធ្វើដំណើរទៅច្រៀងនៅទីណាគេតែងឃើញគូស្នេហ៍មួយគូនេះធ្វើដំណើររួមគ្នាដូចលលកញីឈ្មោល ដែលធ្វើឱ្យមានការលាន់មាត់សរសើរពីសម្ព័ន្ធភាពជ្រាលជ្រៅរបស់គូស្នេហ៍ភេទដូចគ្នាមួយគូនេះ ។ ប៉ុន្តែយ៉ាងណាគេមិនទាន់ដឹងថាតើ នាង គន្ធា អាចនឹងមានភាពក្លាហាននៅក្នុងការដឹកដៃគូស្នេហ៍ចូលរោងការតាមប្រពៃណីខ្មែរដូចដៃគូភេទដូចគ្នាឬបែបណានោះទេ ៕