រចនា រ៉ាវ៉ាឌី ក៏ជាតារាសម្តែងស្រីដេលមានសមត្ថភាពនិងទេពកោសល្យម្នាក់ដែរ ។ តួយ៉ាងរយៈពេលជាច្រើនឆ្នាំក្នុងអាជីពនេះនាងបានបន្សល់នូវស្នាដៃក្នុងការសម្តែងរឿងដុំ និងរឿងភាគទូរទស្សន៍ជាច្រើន ។ ថ្មីៗនេះទៀតសោតស្រីស្អាតរូបនេះក៏មានគំនិតចង់បង្ហាញទេពកោល្យនៅក្នុងការសម្តែងល្ខោនយីកេ តែហាក់មិនជឿជាក់នូវសំឡេងរបស់ខ្លួន ។
ក្រោយពីបានចូលរួមគាំទ្រក្នុងការទស្សនាផ្ទាំងទស្សនីយភាពល្ខោនយីកេរឿង « ម៉ាក់ថឺង » នាពេលកន្លងមកនឹងដោយមើលឃើញសិល្បៈបុរាណហាក់មិនសូវទទួលបានគាំទ្រនិងចាប់អារម្មណ៍ពីសំណាក់មហាជននោះបានធ្វើឱ្យតារាសម្តែងរូបស្រស់ រចនា រ៉ាវ៉ាឌី មានបំណងចង់មកសម្តែងល្ខោនយីកេវិញម្តង តែអ្វីដែលធ្វើឱ្យនាងមិនទាន់មានភាពក្លាហាននោះគឺមិនសូវជឿជាក់នឹងសំឡេងរបស់ខ្លួនព្រោះថាការសម្តែងល្ខោនយីកេត្រូវការប្រើប្រាស់សំឡេងផ្ទាល់ ។
តារារូបនេះបានលើកឡើងថាប្រសិនអ្នកគាំទ្រអាចទទួលយកនូវសំឡេងរបស់នាងបាននាងនឹងសាកល្បងចូលរួមសម្តែងនៅក្នុងសិល្បៈបុរាណបែបយីកេនេះដើម្បីឱ្យសិល្បៈបុរាណមួយនេះកាន់តែមានភាពទាក់ទាញនឹងទទួលបានការគាំទ្រពីសំណាក់មហាជនព្រោះថា សិល្បៈបុរាណគឺជាគ្រឹះដែលសំខាន់មួយនៅក្នុងវិស័យសិល្បៈខ្មែរ ។
ចុងក្រោយនេះគេមិនសូវឃើញតារាសម្តែង រចនា រ៉ាវ៉ាឌី សម្តែងរឿងភាគទូរទស្សន៍ដូចមុនទេពោលនាងងាកមកសម្តែងរឿងខ្លីៗសម្រាប់នៅក្នុងការប្រម៉ូតផលិតផលនានាហើយដៃគូដែលសមជាមួយនាងគឺតារាប្រុសរូបសង្ហាលោក ព្រីន ។ ក្រៅពីអាជីពសិល្បៈ រចនា រ៉ាវ៉ាឌី ក៏ជាតារាស្រីដែលមានមុខជំនួញនៅក្នុងដៃជាច្រើនដែលធ្វើឱ្យ នាងក្លាយជាថៅកែស្រីត្រឹម វ័យទើបតែ ២៤ឆ្នាំប៉ុណ្ណោះ។ រចនា រ៉ាវ៉ាឌី ក៏ជាតារាស្រីដែលនិយមចាយជីវិតឡូយឆាយដោយការដើរកម្សាន្តនៅតាមបណ្តារប្រទេសនានាផងដែរ ៕