ដូចគម្រោងតារាចម្រៀងដែលមានងារជាឧកញ៉ា ខេមរៈ សិរិមន្ត បានធ្វើដំណើរទៅសហរដ្ឋអាមេរិកនៅក្នុងថ្ងៃទី ២៥នេះដើម្បីចូលរួមនៅក្នុងកម្មវិធី The Inaugural Cambodia Day ដែលនឹងធ្វើឡើងនៅក្នុងថ្ងៃទី ២៨ ខាងមុខ ។ អ្វីដែលពិសេសក្រៅពីត្រៀមនូវបទចម្រៀងពិរោះៗសម្រាប់ការសម្តែងម្ចាស់បទ«Call me papa» ក៏បានសម្រិតសម្រាំងនូវសម្លៀកបំពាក់ជាពិសេសដែលបង្ហាញពីវប្បធម៌ជូនបងប្អូនខ្មែរនៅទឹកដីអាមេរិកទស្សនាទៀតផង ។
ដោយសារការសម្តែងនៅក្នុងកម្មវិធីនេះមានរយៈពេលតែមួយថ្ងៃគេបានឃើញតារាចម្រៀង ខេមរៈ សិរីមន្ត បានបណ្តើរភរិយាទៅជាមួយផង ។ ខេមរៈ សិរីមន្ត ក៏ជាតំណាងឱ្យសិល្បករកម្ពុជាផ្នែកសម័យដើម្បីចូលរួមសម្តែងនៅក្នុងកម្មវិធី The Inaugural Cambodia Day រួមនឹងសិល្បករ សិល្បការិនី បុរាណមួយចំនួនទៀត។
ដោយសារជាកម្មវិធីដើម្បីផ្សព្វផ្សាយវប្បធម៌អរិយធម៌ខ្មែរ និងផលិតផលខ្មែរទៅកាន់ពិភពលោកទាំងមូលដូច្នេះតារាចម្រៀង ខេមរៈ សិរីមន្ត បានត្រៀមជាពិសេសនូវសម្លៀកបំពាក់សម្រាប់ស្លៀកនៅក្នុងថ្ងៃសម្តែង ។ ក្នុងនោះ ខេមរៈ សិរីមន្ត ប្រាប់ថាសម្លៀកបំពាក់ដែលលោកត្រៀមស្លៀកនោះមានការច្នៃបន្ថែមដោយដៃរបស់កូនខ្មែរដែលមានការគូរជារូបស៊ីក្លូ រទេះគោ និងប្រាសាទអង្គរវត្តដែលលោករំពឹងថានឹងមានភាពទាក់ទាញក៏ដូចជាឱ្យបរទេសបានស្គាល់នូវវប្បធម៌ខ្មែរកាន់តែទូលំទូលាយថែមមួយកម្រិតទៀត ។
មួយរយៈចុងក្រោយនេះគេសង្កេតឃើញថាតារាចម្រៀងដែលមានងារជាឧកញ៉ារូបនេះហាក់ពើបប្រទះនូវការរិះគន់ជាបន្តបន្ទាប់ពីសំណាក់អ្នកលេងបណ្តាញសង្គម ជាពិសេសស្ទីលនៃការតុបតែងខ្លួនបែបយុវវ័យសម័យថ្មីរបស់លោករួមនឹងបទចម្រៀងថ្មីផងដែរ ។ រហូតអ្នកគាំទ្រ ខ្លះលើកឡើងថា ចង់បានតារាចម្រៀង ខេមរៈ សិរីមន្ត ដូចពីមុនច្រៀងបទបែបមនោសញ្ចេតនាស្រុកស្រែយ៉ាងពិរោះ ។ បើទោះជាមានការរិះគន់ខ្លះៗក្តី តែក៏មានអ្នកគាំទ្រជាច្រើនលើកឡើងថាធម្មតាអ្នកសិល្បៈត្រូវតែធ្វើអ្វីឱ្យប្លែកៗដើម្បីជាការទាក់ទាញមិនថាតារាស្រុកខ្មែរឬតារាបរទេសនោះឡើយ ៕