លឿនដូចចិត្តថ្មីៗនេះផលិតកម្មសាន់ដេបានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា«ព្រោះលុយ»ដែលច្រៀងដោយ នាយចឺម ។ អ្វីដែលកត់សម្គាល់មិនត្រឹមតែអត្ថន័យបទចម្រៀងប៉ុណ្ណោះទេ សូម្បីតែការសម្តែងMV ក៏ដូចគ្នាបេះដាក់ទៅនឹងជីវិតពិតរបស់បុរសដឹកជញ្ជូនម្នាក់ដែលត្រូវភរិយានាំប្រុសចូលផ្ទះសំណាក់ដែលទើបល្បីកាលពីពេលថ្មីៗនេះ ។
«ព្រោះលុយ»របស់ នាយចឺម បានធ្វើឱ្យមហាជននៅក្នុងបណ្តាញសង្គមជាច្រើនបានសម្តែងការហួសចិត្តព្រោះមិនត្រឹមតែអត្ថន័យដូចគ្នាទៅនឹងសាច់រឿងរបស់បុរសដឹកជញ្ជុនរូបនោះទេ សូម្បីតែតួប្រុសជាជនទីបីនោះក៏មានការតុបតែងមុខមាត់និងសក់ដូចគ្នាទៅនឹងរឿងពិតតែម្តង ។
មួយបទរបស់ នាយចឺម ហាក់ទទួលរងការរិះគន់ច្រើនជាងសរសើរដោយអ្នកខ្លះបានសម្តែងការមិនពេញចិត្តចំពោះអ្នកច្រៀង ហើយខ្លះទៀតក៏បានបង្ហាញការរិះគន់ដល់អ្នកនិពន្ធ និងរាលដាលដល់ផលិតកម្មថែមទៀត ។ ក្នុងនោះគេបានឃើញការបញ្ចេញមតិជាច្រើននៅក្នុងការទម្លាក់បទចម្រៀង «ព្រោះលុយ» របស់ នាយចឺម ថា «ផលិតកម្មសាន់ដេឥឡូវថោកដល់កំពូលហើយចឹងតើបានលែងល្បី😅 បើគ្មានបទចម្រៀងចេញទេបិទទ្វាផលិតកម្មចោលទៅ» «រឿងគេសោះយកមកនិពន្ធដែរ» «ធ្វើដល់អ្នកនិពន្ធ អ្នកដឹកនាំតែគ្មានសីលធម៌» «ទោះបីអាយដលដែលខ្ញុំស្រឡាញ់ប៉ុណ្ណាក៏ដោយ។
តែបើចេញមកធ្វើទង្វើដែលមិនសមរម្យអត់សីលធម៌ វិជ្ជាវិធម៌ក្នុងសង្គម។មួយដែលមិនត្រឹមត្រូវ។ដាច់ខាតគឺខ្ញុំមិនគាំទ្រ» «មិនគួរណាយករឿងពិតរបស់គេយកមកធ្វើអញ្ចឹងទេ ពិតជាថោកទាបណាស់ ខ្ញុំមិនគាំទ្រទេ»។
បើទោះបីជាមានការរិះគន់ជាហូរហែរក្តី តែគេមិនទាន់ឃើញអ្នកនិពន្ធបទចម្រៀង «ព្រោះលុយ »ចេញមុខបកស្រាយទេ ។ សម្រាប់ នាយចឺម ទៀតសោតក៏បានរក្សាភាពស្ងប់ស្ងៀមចំពោះការរិះគន់បទចម្រៀងថ្មីរបស់លោកនេះផងដែរ ។ មិនមែនជាលើកដំបូងទេកន្លងមក នាយចឺម ក៏ធ្លាប់ទទួលរងការរិះគន់ចំពោះបទចម្រៀងដែលពាក់ព័ន្ធជាមួយនឹងគ្រឿងស្រវឹងផងដែរ៕