មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះគេបានឃើញប្អូនស្រីអតីតមេតុងទីន នឹងធ្លាប់ជាអ្នកលក់អនឡាញល្បីឈ្មោះ អឿន ម៉ូលីកា បានបង្ហោះរូបភាពបងស្រីនិងបង្ហាញពីការអាណិតអាសូរនឹករឮកដល់បងស្រីនៅក្នុងបណ្តាញសង្គមដែលធ្វើឱ្យអ្នកលេងហ្វេសប៊ុកជាច្រើនបានសួរនាំសុខទុក្ខ ហើយខ្លះចង់ដឹងថាតើពេលណា អឿន ម៉ូលីកា មានសេរីភាពឡើងវិញ ។ ប៉ុន្តែយ៉ាងណាប្អូនស្រីអតីតមេតុងទីនរូបនេះបានត្រឹមតែលើកឡើងថាយ៉ាងកម្សត់បែបនេះ ។
កាលពីថ្ងៃទី ១១ ម្សិលមិញនេះប្អូនស្រីអតីតមេតុងទីន អឿន ម៉ូលីកា បានបង្ហោះរូបភាពរបស់ បងស្រីភ្ជាប់ជាមួយសារយ៉ាងចាក់ដោតថា «រូបនេះមិនដឹងបងស្រីញុមពិបាកមិចទេរូបមុនមានរឿង ជួបបញ្ហាម្នាក់ឯងដោះម្នាក់ឯង យំក្នុងបន្ទប់ម្នាក់ឯងmiss u my sis ទោះគ្មានអ្នកណានៅក្បែរក៏ចាំថានៅមានប្អូនស្រីនៅមើលថែបងស្រីនិងក្មួយអោយបានល្អតាមដែរអាចទៅរួចមនុស្សខ្លះចូលមកដើម្បីផលប្រយោជន៏ខ្លះទៀតដើម្បីតែបំផ្លាញ់ចងចាំទុកផង»។
ក្នុងនោះក៏មានការផ្តល់កម្លាំងចិត្តពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួនហើយខ្លះទៀតបានសួរពីសុខទុក្ខរបស់ មេតុងទីនហាយសូររូបនេះថាពេលណាបានចេញមានសេរីភាពឡើងវិញ ។ តបជាមួយនឹងសំណួរមួយនេះ ប្អូនស្រី អឿន ម៉ូលីកា បានបង្ហាញរូបភាព អឿន ម៉ូលីកា ជាបងស្រីរបស់ខ្លួនត្រឹមមួយកំណាត់ជើងក្នុងឈុតសម្លៀកបំពាក់ជាអ្នកទោសនឹងបានប្រាប់ថា«រឿងចេញខ្ញុំមិនដឹងទេបង»។
គិតមកដល់ពេលនេះ អឿន ម៉ូលីកា បានជាប់ទោសប្រមាណជាជិតពីរឆ្នាំហើយ ។គួររំឮកថាមេតុងទីនអនឡាញ នឹងជាអ្នកលក់ផលិតផល ហាយសូរ អឿន ម៉ូលីកា ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួន រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ធ្នូ ឆ្នាំ ២០២២ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយចាប់ខ្លួនពាក់ព័ន្ធករណីចេញសែកស្អុយ និងឆបោកកូនតុងទីនរបស់ខ្លួន។
ក្នុងនោះ អឿន ម៉ូលីកា បានជាប់ពាក់ព័ន្ធលើពាក្យបណ្តឹងចំនួន៣ ដែលសុទ្ធជាបទល្មើសព្រហ្មទណ្ឌ ពាក់ព័ន្ធ បទឆបោក និងចេញសែកស្អុយ ស្មើទឹកប្រាក់ប្រមាណ ៣៦៥ ០០០ ដុល្លារអាមេរិក។ បច្ចប្បន្ន អឿន ម៉ូលីកា ដែលជាមេតុងទីនដ៏ល្បីឈ្មោះកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃសរ។ មុនជាប់ពន្ធនាគារ អឿន ម៉ូលីកា ត្រូវបានគេមើលឃើញថាជាអ្នកលក់អនឡាញ និងមេតុងទីន ដែលឡូយឆាយម្នាក់នៅក្នុងបណ្តាញសង្គមពោលនាងតែងសម្ញែងប្រាក់ដុល្លារជាច្រើនរួមនឹងរថយន្តទំនើបៗជាច្រើនគ្រឿងព្រមទាំងរស់នៅក្នុងផ្ទះវីឡាស្កឹមស្កៃលំដាប់អភិជនផងដែរ ៕