ប៉ុន្មានថ្ងៃមុននេះតារារ៉េប MC Sey បានទម្លាក់បទចម្រៀងថ្មីមួយបទក្រោយពីស្ងប់ស្ងាត់សកម្មភាពនៅលើហ្វេសប៊ុកជាច្រើនខែ តែអ្វីដែលគួរឱ្យកត់សម្គាល់ត្រឡប់មកលើកនេះតារារ៉េបរូបនេះទទួលបានការគាំទ្រឡើងវិញពោលលែងមានការរិះគន់ដូចមុន។
បើគិតមកដល់ពេលនេះប្រមាណជាជិត៥ខែហើយដែល MC Sey ពើបប្រទះរឿងអាស្រូវផ្អើលបណ្តាញសង្គម ហើយក៏ទទួលរងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមបើទោះលោកបានបដិសេធថាមិនបានប្រព្រឹត្តទង្វើអសីលធម៌មួយនេះក្តី ។
កាលណោះមិនថា MC Seyបង្ហោះបទចម្រៀងអ្វី ឬសារនានាក៏ត្រូវអ្នកលេងហ្វេសប៊ុករិះគន់កប់ៗមាត់រហូតធ្វើឱ្យតារារូបនេះលែងមានសកម្មភាពបង្ហោះនៅលើគណនីយរបស់ខ្លួនជាច្រើនខែ។ ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុននេះ MC Sey បានទម្លាក់បទចម្រៀងថ្មីដែលមានចំណងជើងថា« MY SOUL» ដែលគេមើលឃើញថាទទួលបានការពេញចិត្ត និងចែករំលែកជាច្រើន ។ ក្នុងនោះក៏មានការបញ្ចេញមតិអបអរពីសំណាក់អ្នកគាំទ្រចំពោះការវិលត្រឡប់មកជាថ្មីរបស់ MC Sey ទៀតផង ។
គេចាំបានថាកាលពីអំឡុងខែឧសភា កន្លងទៅ MC Sey និងដៃគូមួយរូបទៀតបានពើបប្រទះរឿងអាស្រូវ ដោយមានការលើកឡើងថាតារារ៉េបទាំងពីរដួងបានប្រព្រឹត្តទង្វើថោកទាបទៅលើនារីរងគ្រោះម្នាក់នៅក្នុងខេត្តបាត់ដំបង រួមនឹងការលេចធ្លាយវីដេអូមួយចំនួនផងដែរ។
ប៉ុន្តែក្រោយមករឿងមួយនេះក៏ស្ងប់ស្ងាត់ស្របនារីរងគ្រោះក៏បានរៀបការជាមួយគូស្នេហ៍ជាអ្នកចម្រៀងនៅក្នុងវិស័យរ៉េបដែរ។ រឿងអាស្រូវមួយនេះបានធ្វើឱ្យ MC Sey បាត់បង់ឱកាសការងារជាច្រើនមិនថាការលេចមុខនៅក្នុងកម្មវិធីទូរទស្សន៍ឬការប្រគំន្ត្រីនៅតាមបណ្តារខេត្តនានាឡើយ៕