បើទោះអ្នកសិល្បៈជាច្រើនបានដឹកដៃគូស្នេហ៍ចូលរោងការជាបន្តបន្ទាប់ក្តី តារាសម្តែងស្រី ព្រះកាយ ច័ន្ទ ហាក់មិនខ្វល់ខ្វាយរកគូគាប់ទ្រនាប់ចិត្តនោះទេ ដោយនាងលើកឡើងយ៉ាងព្រងើយតាមបែបស្រ្តីសម័យថ្មីថានៅម្នាក់ឯងស្រួលចិត្តសំខាន់ឱ្យតែមានប្រាក់ចាយ ។
មានឈាមជ័រជាអ្នកសិល្បៈដោយមានលោកឪពុកជាអតីតតួល្ខោន បានធ្វើឱ្យ ព្រះកាយ ច័ន្ទ ត្រូវបានគេទទួលស្គាល់ថាជាសិល្បការិនីដែលមានសមត្ថភាពពហុជំនាញម្នាក់ព្រោះនាងចេះទាំងសិល្បៈបុរាណនិងសម័យយ៉ាងពិតប្រាកដ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ចុងក្រោយនេះ ស្រីស្អាតរូបនេះបែរជាបោះបង់ការសម្តែងរឿងក៏ដូចជាទឹកប្រាក់រាប់ម៉ឺនដុល្លារដើម្បីងាកទៅចំណាយពេលវេលានៅក្នុងការ ពង្រឹងការបង្រៀនក្មេងតូចៗដែលជាទំពាំងស្នងឬស្សីទាំងផ្នែកបុរាណ និងសម័យ។
បើតាមការលើកឡើងរបស់ ព្រះកាយ ច័ន្ទ បានឱ្យដឹងថាក្នុងឆ្នាំ ២០២៤នេះនាងបានបោះបង់ការសម្តែងរឿងប្រមាណជា៥រឿងឯណោះដើម្បីយកពេលវេលាមកផ្តោត នៅក្នុងសាលារៀនរបស់ខ្លួន ។ ទោះបាត់ឱកាសក្នុងការកើបប្រាក់រាប់ម៉ឺនដុល្លារក្តី តែ ព្រះកាយ ច័ន្ទ ហាក់មិនសោកស្តាយអ្វីឡើយព្រោះនេះជាការសម្រេចចិត្តរបស់នាង ជាពិសេសនាងចង់ឱ្យកកូនសិស្សដែលចេញពីសាលារបស់ខ្លួនមានសមត្ថភាពសិល្បៈពិតប្រាកដមិនថាបុរាណនិងសម័យ ។
មិនត្រឹមបោះបង់ការសម្តែងរឿងជាច្រើននោះទេ ព្រះកាយ ច័ន្ទ ក៏បានបោះការប្រកួត Miss Grand Cambodia 2024 ចោលកាលពីពេលកន្លងមកដែលធ្វើឱ្យហ្វេន ហ្វេនរបស់នាងមានការសោកស្តាយជាខ្លាំង ។ប៉ុន្តែត្រលប់មកបច្ចុប្បន្នវិញអ្នកគាំទ្រជាច្រើនសុទ្ធតែសរសើរពីភាពឆ្លាតវ័យរបស់ ព្រះកាយ ច័ន្ទ គ្រប់គ្នា។ អ្វីដែលចាប់អារម្មណ៍ចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំគេមិនដែលឃើញ ព្រះកាយ ច័ន្ទ លេចឮរឿងអាស្រូវស្នេហាឬមានទំនាក់ទំនងស្នេហាជាមួយបុរសណានោះទេបើទោះនាងមានវ័យក្បែរ ៣០ឆ្នាំទៅហើយក្តី។ បើតាមការលើកឡើងរបស់ ព្រះកាយ ច័ន្ទ បានឱ្យដឹងថាមូលហេតុ នាងមិនមានគូស្នេហ៍មិនមែនដោយសារគ្មានអ្នកស្រឡាញ់នោះទេ តែដោយសារនាងយល់ថារស់នៅម្នាក់ឯងមានភាពងាយស្រួលមិនថាធ្វើអ្វីឬទៅណាមកណា សំខាន់ឱ្យតែមានប្រាក់ចាយ ។ទាំងនេះគ្រាន់តែជាហេតុផលមួយជ្រុងតូចបស់ ព្រះកាយ ច័ន្ទ ដែលត្រូវគេមើលជាគំនិតរបស់ស្ត្រីជឿនលឿន និងរឺងមាំតែប៉ុណ្ណោះ។ ប៉ុន្តែក៏មាន ហ្វេន ហ្វេន មួយចំនួនលើកឡើងថានៅថ្ងៃដែលជួបទេវបុត្រជិះសេះសពិតប្រាកដ តារាសម្តែង ព្រះកាយ ច័ន្ទ នឹងប្តូរគំនិតបែបនេះហើយ៕