ទោះភរិយាជាអ្នករស់នៅបរទេសក្តី តែតារាចម្រៀង ខេម មិនមានគម្រោងជ្រើសរើសការ រស់នៅតាមបែបបស្ចឹមប្រទេសឡើយ ។ តួយ៉ាងចុងក្រោយនេះតារាចម្រៀងសំឡេងស្អករូបនេះមានបំណងចង់ដឹកដៃគូស្នេហ៍ ស្រីកា រៀបការតាមប្រពៃណីខ្មែរ តែយ៉ាងណាលោកសុំមិនទាន់បញ្ជាក់ពីពេលវេលាឡើយ។
ដ្បិតមិនទាន់រៀបការទៅតាមប្រពៃណីខ្មែរក្តី តែតារាចម្រៀង ខេម និងគូស្នេហ៍បានរួមរស់ក្រោមដំបូលតែមួយ ហើយសព្វថ្ងៃគូស្នេហ៍របស់លោកក៏បានមករស់នៅស្រុកខ្មែរផងដែរ ។ ប៉ុន្តែទំនេរពីការងារសិល្បៈតារាចម្រៀង ខេម និងគូស្នេហ៍ តែងចំណាយពេលទៅដើរកម្សាន្តនៅតាមបណ្តារប្រទេសនានាមិនថាក្នុងឬក្រៅប្រទេសនោះឡើយ ។
ក្រោយភ្ជាប់ស្នេហ៍ប្រមាណជា៨ឆ្នាំ ខេម និងគូស្នេហ៍ក៏មានគម្រោងចង់រៀបការទៅតាមប្រពៃណីខ្មែរ ។ យ៉ាងណាមិញថ្មីៗនេះតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ីរូបនេះបានប្រកាសថា នឹងរៀបការនៅក្នុងពេលឆាប់ៗនេះ តែលោកសុំមិនបញ្ជាក់ពីពេលវេលាព្រោះចង់ឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ។
អ្វីដែលធ្វើឱ្យតារាចម្រៀង ខេម ដកចិត្តពីគូស្នេហ៍មិនរួចដោយសារ ស្រីកា ជាមនុស្សស្រីដែលស្រឡាញ់ទឹកដីខ្មែរ បើទោះអ្នកនាងធំដឹងក្តីនៅប្រទេសបារាំង ក្តី ។ បច្ចុប្បន្ននេះទៀតសោតអ្នកនាងក៏បានមករស់នៅជាមួយលោក ខេម នៅក្នុងប្រទេសកម្ពុជាដោយអ្នកនាងយល់ថាទឹកដីខ្មែរស្រួលរស់នៅមិនចាញ់បរទេសឡើយ។ ក្រៅពីតារាចម្រៀងនៅក្នុងផលិតកម្មហ្គាឡាក់ស៊ី លោក ខេម ក៏ជាមេក្រុមនៅក្នុងក្រុមបាល់ទាត់តារាកម្ពុជា ដែលកន្លងមកក៏បានស្វែងរកថវិការជួយដល់សង្គមមួយផ្នែកផងដែរ ។ កន្លងមកក៏ធ្លាប់មានការលើកឡើងពីសំណាក់អ្នកគាំទ្រថាលោក ខេម ក៏អាចនឹងស្ពាយងារជាឧកញ៉ាដូចរៀមច្បងរួមទ្រនំឧកញ៉ា ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ជាដើម ៕