ដោយសារទេពកោសល្យសិល្បៈរួមផ្សំជាមួយរូបសម្រស់ស្រស់ស្អាតពីធម្មជាតិបានធ្វើឱ្យតារាសម្តែងវ័យក្មេង អាង សុជាតា ឬ ឈូឈូ មានទីផ្សារការងារសិល្បៈរីកទូលាយខ្លាំងមិនថាការសម្តែងរឿង ឬការថតផ្សព្វផ្សាយផលិតផលនានាឡើយ ។ ប៉ុន្តែអ្វីដែលមានការចាប់អារម្មណ៍មកលើតារាសម្តែងរូបស្រស់នេះគឺនាងតែតែមានអ្នកបញ្ចុកបាយរហូតដែលពេលខ្លះជាម្តាយ និងពេលខ្លះជាសាច់ញាតិ ទៀតផង ។
គួរឱ្យដឹងដែរថា អាង សុជាតា បានចាប់អាជីពសម្តែងតាំងពីនៅវ័យ ៧ឆ្នាំម្លេះ ដែលគិតមកដល់ពេលនេះតារាវ័យក្មេងរូបនេះសម្តែងបានជាច្រើនរឿង។ អាង សុជាតា ដែលគេស្គាល់ថាជាកូនស្រីរបស់តារាសម្តែង សឿន ផាភួង ហើយពេលខ្លះគេក៏បានឃើញម្តាយកូនទាំងពីរមានឱកាសបានសម្តែងរួមគ្នាជាច្រើនផងដែរ ។
អ្វីដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានការងឿងឆ្ងល់នោះគេតែងឃើញតារាវ័យក្មេង អាង សុជាតា មានអ្នកបញ្ចុកបាយដែលពេលខ្លះមានម្តាយ សឿន ផាភួង ជាអ្នកបញ្ចុកហើយពេលខ្លះក៏មានបងប្អូនដែលជាអ្នកជូននាងទៅថត។ មានការលើកឡើងថាបើទោះមិនរវល់ តែគេកម្រឃើញតារាវ័យ ១៩ឆ្នាំរូបនេះទទួលទានបាយដោយខ្លួនឯងខ្លាំងណាស់ ។
ដើម្បីកុំឱ្យមានការសង្ស័យច្រើនតារាសម្តែង សឿន ផាភួង បានបកស្រាយតាមរយៈការផ្តល់បទសម្ភាសមួយថា ជារឿងពិតកូនស្រី អាង សុជាតា តែងតែមានអ្នកបញ្ចុកបាយរាល់ពេលដែលពេលខ្លះជាអ្នកនាងហើយពេលខ្លះក៏សាច់ញាតិដែលបានជូនដំណើរទៅថត ។ មូលហេតុដែលនៅតែបញ្ចុកបាយ អាង សុជាតា ដោយសារបើមិនបញ្ចុកបាយនាងចូលចិត្តញ៉ាំមី និងអាហារកំប៉ុងផ្សេង ៗហេតុនេះទើបអ្នកនាងជាម្តាយតែងតែបញ្ចុកបាយដល់កូនស្រីជារៀងរាល់ពេលបែបនេះ៕