ក្រោយពីធ្លាក់ពីលើកាំជណ្តើរកាលពីជិតមួយឆ្នាំមុនតារាកំប្លែង យាយអឿន មិនទាន់អាចដើរបានដូចមុនទេដោយសារមានបញ្ហាប៉ះពាល់ឆ្អឹងគួបផ្សំនិងអាយុច្រើនផង។ ដោយសារសុខភាពមិនអំណោយផលដូចមុនទើបធ្វើឱ្យតារាកំប្លែងរូបនេះឃ្លាតឆ្ងាយពីអាជីពសិល្បៈ ។
ប៉ុន្តែយ៉ាងណា យាយ អឿន បានប្រាប់ថាទទួលថតរឿងឬកម្មវិធីណាដែលមានការដើរតិចតួចនិងអង្គុយប៉ុណ្ណោះ ។
គេចាំបានថាកាលពីអំឡុងខែវិច្ឆិកាឆ្នាំ២០២៣ កន្លងទៅអ្នកគាំទ្រជាច្រើនបានបង្ហាញការព្រួយបារម្ភក្រោយឃើញតារាកំប្លែងនិងជាអ្នកចម្រៀងអាយ៉ៃដ៏មានប្រជាប្រិយភាព យាយអឿន ធ្លាក់ពីលើកាំជណ្តើរត្រូវចូលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
គិតមកដល់ពេលនេះជិតមួយឆ្នាំទៅហើយ យាយអឿន មិនទាន់អាចដើរបានស្រួលដូចមុនទេដោយសារប៉ះពាល់ឆ្អឺង ពោលទៅណាមកណា យាយអឿន ត្រូវប្រើប្រាស់ឈើច្រត់ជំនួយ ។ បើតាមការនិយាយជាមួយ នាយព្រែក កាលពីប៉ុន្មានថ្ងៃមុននេះ យាយអឿន បានប្រាប់ថាប្រសិនបើការសម្តែងជាលក្ខណៈអង្គុយឬដើរតិចតួចគឺលោកយាយអាចទទួលថតបាន តែប្រសិនបើជាការងារដែលមានការដើរច្រើនមិនទទួលទេព្រោះសព្វថ្ងៃលោកយាយដើរកាន់ឈើច្រត់ ។
ការលើកឡើងរបស់តារាកំប្លែងវ័យចំណាស់រូបនេះបានធ្វើឱ្យមហាជនជាអ្នកគាំទ្រជាច្រើនបានជូនពរឱ្យ យាយអឿន មានសុខភាពល្អប្រសើរឆាប់ជានឹងដើរបានដូចធម្មតា ។ មិនត្រឹម ជាតារាកំប្លែងដែលមានប្រជាប្រិយភាពប៉ុណ្ណោះទេ យាយអឿន ក៏ជាអ្នកចម្រៀងអាយ៉ៃម្នាក់ដែលមានសមត្ថភាពនិងទេពកោសល្យមិនធម្មតានៅក្នុងចំណោមអ្នកចម្រៀងអាយ៉ៃដ៏មានប្រជាប្រិយភាពដែលមានដូចជា យាយយ៉យ និងយាយ ណយ សំណាង ជាដើម ។ប៉ុន្តែគួរឱ្យស្តាយចុងក្រោយនេះពួកគាត់សុទ្ធមានវ័យច្រើនដែលអ្នកខ្លះក៏បានបាត់បង់សមត្ថភាពនៅក្នុងការច្រៀងផងដែរ ៕