នៅក្នុងថ្ងៃទី ៣០ នេះព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» កំពុងតែប្រព្រឹត្តទៅយ៉ាងរលូននិងអធិកអធមដោយមានការចូលរួមសម្តែងពីសំណាក់សិល្បករ សិល្បការិនីបុរាណ សម័យប្រមាណជា ៥០០នាក់ឯណោះ ។ អ្វីដែលគួរឱ្យកតស់ម្គាល់តារាសម្តែង នៅ សូនីតា បានលើកឡើងពីអភិនិហាដែលបានកើ់តឡើងនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែលអ្នកនាងឃើញហើយពិតជាមិនសរសើរមិនបាន ។
គួរឱ្យដឹងថាព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា»បានប្រព្រឹត្តជាលើកទី២នៅបរិវេណមុខប្រាសាទអង្គរ នៃខេត្តសៀមរាបក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ព្រឹត្តិការណ៍ នេះធ្វើឡើងរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី ២៩ និង ៣០ ដោយមានការចូលរួមសម្តែងពីសំណាក់សិល្បករ សិល្បការិនីរាប់រយនាក់ឯណោះ ។
ព្រឹត្តិការណ៍ដ៏កក្រើកនេះរៀបចំឡើងដើម្បីអបអរសាទរខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិរបស់ព្រះកុរណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងនាមជាសិល្បការិនីម្នាក់ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ នៅ សូនីតា បានរៀបរាប់ពីភាពអស្ចារ្យដែលអ្នកនាងបានជួបកាលពីថ្ងៃទី ២៩ ម្សិលមិញនេះថា «អភិនិហាខ្លាំងណាស់ មុនការសម្តែងភ្លៀងហាក់ដូចបន្សើមដីអោយត្រជាក់បន្ទាប់មកពេលក្បួនហែរបើកថ្ងៃចាំងមកប្រាសាទពណ៌ដូចមាស🥰🙏🏻🥹 ស្រក់ទឹកភ្នែកអត់ដឹងខ្លួន🥹🥹🥹 អរគុណក្រុមការងារទាំងអស់គ្នា🥹»។
ការលើកឡើងរបស់ នៅ សូនីតា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបង្ហាញការចាប់អារម្មណ៍និងបានចូលួរមបញ្ចេញមតិជាច្រើនដោយអ្នកខ្លះបានលើកឡើងស្រដៀងៗគ្នាថា «បារមីប្រាសាទអង្គរវត្ត» «ទឹកដីអច្ឆរិយគឺបែបនេះហើយបង» ។នៅក្នុងព្រឹត្តិការណ៍នេះក៏មានការដង្ហែរមហាក្សត្រនាសម័យអង្គរ ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាង ឥន្ទ្រទេវីដែលសម្តែងដោយតារាចម្រៀង ខេមរៈ សិរីមន្ត និងអ្នកឧកញ៉ា ម៉ៅ ចំណាន ដើម្បីជាការរំលឹកដល់បុព្វហេតុនៃសិល្បៈ និងវប្បធម៌ដែលព្រះបាទជ័យវរ្ម័នទី៧ បានបង្កើត និងបន្សល់ទុក ព្រមទាំងដើម្បីបង្ហាញអំពីអំណាច និងសិល្បៈដ៏សម្បើមនៃសម័យនោះ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះក៏មានការចូលរួមទស្សនាពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិជាច្រើនកុះករផងដែរ ដោយម្នាក់លាន់មាត់សរសើរស្ទើរគ្រប់គ្នា៕