មានការចាប់អារម្មណ៍នឹងលាន់មាត់សរសើរពីការនឹកឃើញធ្វើកម្មវិធីសាមគ្គីមួយនេះរបស់តារាកំប្លែង នាយពាក់មី ដើម្បីឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់នឹងបានឃើញ។ បើតាមការរៀបរាប់របស់តារាកំប្លែងរូបនេះបានឱ្យដឹងថាកម្មវិធីនេះនឹងធ្វើឡើងនៅក្នុងថ្ងៃទី ១៥ខាងមុខនេះនៅផ្ទះឪពុករបស់នាយនៅស្រុកកំណើតខេត្តស្វាយរៀង ។
បើតាមការលើកឡើងរបស់តារាកំប្លែងដែលកំពុងមានប្រជាប្រិយភាព នាយពាក់មី បានឱ្យដឹងថានាយ នឹងរៀបចំធ្វើកម្មវិធីសាមគ្គីមួយដែលបង្ហាញពីសកម្មភាពបែនស្រូវ បោកស្រូវ និងបញ្ជាន់ស្រូវ រួមទាំងការធ្វើពិធីដាល់អំបុកផងដែរ ។
នេះជាកម្មវិធីសាមគ្គីដែលគេមិនធ្លាប់បានឃើញហើយក៏ជាលើកដំបូងដែលតារាកំប្លែងរូបនេះនឹកឃើញរៀបចំឡើង។ កម្មវិធីនេះនឹងធ្វើឡើងនៅផ្ទះរបស់ឪពុកនាយ ឯខេត្តស្វាយរៀងដើម្បីជាការកម្សាន្តនឹងអបអរព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ហើយជាពិសេសដើម្បីបង្ហាញឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញនិងបានដឹងពីការធ្វើស្រែរបស់ចាស់ៗជំនាន់មុន ។ ក្នុងនោះ នាយពាក់មី ក៏បានប្រកាសឱ្យពុកម៉ែ បងប្អូន ជាពិសេសអ្នកដែលនៅខេត្តស្វាយរៀងចូលរួមនៅក្នុងកម្មវិធីសាមគ្គីមួយនេះឱ្យបានច្រើនកុះករ ។ នៅចុងបញ្ចប់នៃកម្មវិធីក៏មានការចាប់រង្វាន់យកគោយន្តមួយគ្រឿងផងដែរ ។
ជាមួយនឹងការបំផុសគំនិតធ្វើកម្មវិធីសាមគ្គីនេះរបស់ នាយពាក់មី បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការកោតសរសើរដល់គំនិតរបស់ នាយពាក់មី ដែលនឹកឃើញធ្វើកម្មវិធីទាំងនេះដែលមិនត្រឹមតែបង្កភាពរីករាយដល់អ្នកស្រុកភូមិទេថែមទាំងធ្វើឱ្យកូនខ្មែរបានស្គាល់នឹងបានដឹងពីការធ្វើស្រូវដោយកម្លាំងកាយរបស់ចាស់ៗ កាលពីជំនាន់មុន ។ គេចាំបានថាកាលពីអំឡុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ នាយពាក់មី ក៏បានរៀបចំកម្មវិធី វេចនំអន្សមបែបសាមគ្គីចំនួន ២០២៤ នំដោយមានការចូលរួមពីសំណាក់អ្នកស្រុកភូមិរបស់នាយច្រើនកុះករដែលកាន់តែធ្វើឱ្យបរិយាកាសនេះរីករាយនឹងមិនអាចបំភ្លេចបានទៀតផង៕