ដ្បិតនៅវ័យក្មេងក៏ពិតមែនតែអ្នកផលិតមាតិកាដ៏មានប្រជាប្រិយភាព ស្រីនា បានសម្រេចទៅធ្វើវិបស្សនារយៈពេល ១០ថ្ងៃដោយកាត់ផ្តាច់ខ្លួនពីទំនាក់ទំនងខាងក្រោយនិងមិននិយាយគ្នា ជាមួយនឹងការទទួលទានអាហារបួស ។ អ្វីដែលកត់សម្គាល់សម្រាប់ថ្ងៃទី ១៦នេះគឺជាថ្ងៃដែល ស្រីនា បានបញ្ចប់ការកធ្វើវិបស្សនា ហើយក្នុងនោះអ្នកផលិតមាតិការូបនេះក៏មិនភ្លេចនិងចែករំលែកបទពិសោធន៍ដែលទទួលបានដល់អ្នកគាំទ្រ។
ស្រីនា បានបញ្ចប់ការធ្វើវិបស្សនាដោយជោគជ័យក្រោយពីទទួលបានការគាំទ្រពីសំណាក់ស្វាមីលោក ហេង វិសាល ជាអ្នកជ្រោមជ្រែងក្នុងការឱ្យផ្តល់កម្លាំងចិត្តឱ្យភរិយារបស់ខ្លួនធ្វើរឿងដ៏អស្ចារ្យមួយនេះ ។ គ្រាន់តែបញ្ចប់ការធ្វើវិបស្សនាភ្លាម ស្រីនា បានបង្ហោះសាររៀបរាប់ពីបទពិសោធន៍ដែលទទួលបាននៅក្នុងបណ្តាញសង្គមថា «បទពិសោធន៍វិបស្សនា 10 ថ្ងៃដ៏អស្ចារ្យដែលខ្ញុំមិននឹកស្មានថាខ្ញុំអាចធ្វើបានដែលត្រូវមិននិយាយគ្នា មិនហូបសាច់ មិនមានទំនាក់ទនងទៅខាងក្រៅ សមាធិជាង១០ ម៉ោងក្នុងមួយថ្ងៃលទ្ធផលដ៏មិននឹកស្មាននិងជាមេរៀនដែលខ្ញុំយល់យ៉ាងជ្រៅដោយពិសោធន៏ឃើញខ្លួនឯង ខ្ញុំនឹងចែករំលែកទៅកាន់បងប្អូន
-ការប្តេជ្ញា តស៊ូនិងឆន្ទះរបស់យើងគឺខ្លាំងក្លាណាស់ វាអាចយកឈ្នះភាពភ័យខ្លាច ការឈឺចាប់ និងឧបសគ្គ
-គ្មានអ្វីដែលស្ថិតស្ថេរទេ ទុក្ខសោក កំហឹង និងភាពលោភលន់វាក៏មិននៅជារៀងរហូតដែរ ចឹងហើយវាគ្មានតម្លៃអ្វីនឹងឱ្យយើងទៅប្រតិកម្មនិងយកវាជាធំដឹកមុខយើងហើយទៅធ្វើបាបអ្នកដទៃទេ
- ក្តីឈឺចាប់ពិតប្រាកដគឺមិនមែនមកពីអ្នកដទៃទេគឺខ្ញុំខ្លួនឯងជាអ្នកយកវាមកដាក់ក្នុងខ្លួន
- ជីវិតគឺជាទុក្ខស្រាប់ហើយ យើងទាំងអស់គ្នាមិនគួរណាទៅដាក់ទុក្ខ ធ្វើបាប ព្យាបាទគ្នាទៀតទេ គួរតែអាណិត មានមេត្តា ករុណាចំពោះគ្នាទៅវិញទៅមក
- ការពិតគឺជាការនៅពេលបច្ចុប្បន្ន អតីតកាលដែលកន្លងហួសហើយគឺមិនអាចមកវិញទេ ខ្ញុំត្រូវរស់នៅក្នុងពេលបច្ចុប្បន្នរបស់ខ្ញុំឱ្យបានល្អបំផុត
ដោយសារតែអ្វីៗនឹងមិនស្ថិតស្ថេរ ខ្ញុំកាន់តែមានភាពបន្ទាន់ទៅដឹងគុណ សងគុណទៅកាន់ឪពុកម្តាយ បងប្អូន សង្គមជាតិរបស់ខ្ញុំ
ខ្ញុំកាន់តែយល់ច្បាស់ពីភាពដ៏ប្រពៃរបស់ មេត្តា ករុណា មុទិតា និងឧបេក្ខា
-ទោះខ្ញុំនឹងត្រូវស្លាប់ទៅវិញមែន តែខ្ញុំចង់រស់នៅជាតិនេះឱ្យបានល្អបំផុត ជាប្រយោជន៏សម្រាប់អ្នកដទៃ
នៅមានច្រើនទៀតណាស់មិនអាចរៀបរាប់អស់បានទេ ហើយនេះក៏គ្រាន់តែជាបទពិសោធន៏ចេញពីមណ្ឌលភ្លាមៗដែរ ខ្ញុំនឹងយកមេរៀនទាំងនេះមកអនុវត្តក្នុងជីវិតពិតហើយនឹង update អ្នកទាំងអស់គ្នាក្នុង video បន្ទាប់ពី1-2 អាទិត្យ
ព្រះធម៌គឺសម្រាប់មនុស្សគ្រប់គ្នា ព្រះធម៌ជាច្បាប់សកល មិនមែនទាល់តែអ្នកឈប់ធ្វើការ ឬចាស់ៗទេ បើបងប្អូនអានហើយគិតថានេះជាអ្វីដែលអាចជួយបងប្អូន សូមទៅទទួលបទពិសោធន៏ខ្លួនឯង វាមានតម្លៃជាងការអានសំណេរនេះច្រើនណាស់ចុងក្រោយខ្ញុំសូមជូនចំណែកបុណ្យដល់បងប្អូនគ្រប់គ្នាស្មើៗគ្នា៕