មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងហ្វេសប៊ុកជាច្រើនក្រោយពីបានដឹងថាអតីតតារាសម្តែង អូន បូរមី គឺជាដៃគូរបស់គ្រូជោគជ័យ ប៊ុន ផាក ក្រោយពីលោកបានបើកបង្ហាញកាលពីមួយរយៈមុន ។ អ្វីដល់កត់សម្គាល់ថ្មីៗនេះស្រីស្អាត អូន បូរមី បានរៀបរាប់ពីលក្ខណៈសម្បត្តិមួយចំនួនរបស់បុរសដែលនាងនឹងជ្រើសរើសដើរផ្លូវរួមគ្នាទៅអនាគត ។
ដ្បិតមិនបានបង្ហាញពីរូបភាពផ្អែមល្ហែមជាមួយគ្រូជោគជ័យ ប៊ុន ផាក ក្តី តែ អូន បូរមី បានលើកឡើងពីចំណុចបុរសដែលនាងចង់ក្លាយជាមិត្ត ១០០ឆ្នាំថា «មនុស្សប្រុសដែលខ្ញុំចង់ផ្ញើជីវិតជាមួយមិនមែនជាមនុស្សប្រុសសង្ហា ឬអ្នកមានស្ដុកស្ដម្ភអ្វីទេប៉ុន្តែគឺជាមនុស្សដែលធ្វើអ្វីក៏ដោយគឺគាត់នឹងគិតពីអារម្មណ៍របស់ខ្ញុំជាមុនបុរសម្នាក់ដែលយកចិត្តទុកដាក់តាំងពីរឿងតូចតាចបុរសម្នាក់ដែលមានភាពកក់ក្តៅស្មោះត្រង់និងមានមោទនភាពចំពោះខ្ញុំបុរសដែលមិនកុហក មិនបោកប្រាស់មិនធ្វើឱ្យខ្ញុំខូចចិត្ត និងមិនធ្វើបាបផ្លូវចិត្តគ្នាចេះអភ័យទោស ថែរក្សា យកចិត្តទុកដាក់គ្នាមិនទុកឱ្យភាគីម្ខាងទៀតឯកានឹកគ្នាគ្រប់ពេលល្អមិនប្រែប្រួល អាចផ្ញើអនា គតបានបុរសប្រភេទនេះហើយ ដែលខ្ញុំចង់រស់នៅជាមួយ» ។
បើទោះជាបានរៀបរាប់បែបនេះក្តី តែ អូន បូរមី មិនបានទម្លាយថាតើលោក ប៊ុន ផាក មានចំណុចពិសេសទាំងនេះដែលនាងចង់បានឬបែបណានោះទេ ។ តែកន្លងមកនាងទទួលស្គាល់ថាលោក ប៊ុន ផាក បានធ្វើល្អមកលើរូបនាងបន្ទាប់ពីមានទំនាក់ទំនងជាមួយគ្នារយៈពេលជាងពីរខែមកនេះ តែទៅថ្ងៃក្រោយប្រែប្រួលបែបណានាងមិនអាចសន្និដ្ឋានបានឡើយ ។
ជាមួយគ្នានោះ អូន បូរមី បានទម្លាយថាក្រោយពីទទួលរងការវាយប្រហារច្រើនពីបណ្តាញសង្គម លោក ប៊ុន ផាក ក៏រងសម្ពាធផ្លូវចិត្តខ្លះដែរ ។ អូន បូរមី បានទទួលស្គាល់ថានាងបានទិញទូរស័ព្ទឱ្យលោក ប៊ុន ផាក ពិតមែន តែជាកាដូឱ្យគ្នាទៅវិញទៅមកហើយលោកជាអ្នកទិញទូរស័ព្ទកាដូឱ្យមកនាងមុន ។ យ៉ាងណាគេមិនទាន់ដឹងថាទំនាក់ទំនងរវាងអតីតតារាសម្តែងរូបនេះនិងគ្រូជោគជ័យ ប៊ុន ផាក នឹងរឹងមាំយូរអង្វែងឬបែបណាឡើយ៕