មានការភ្ញាក់ផ្អើលពីសំណាក់អ្នកគាំទ្រជាខ្លាំងព្រោះមិននឹកស្មានថាតារាចម្រៀងវ័យក្មេងរូបសង្ហា ថៃ អតិជាតិបុត្រ ធ្លាក់ខ្លួនស្គមនិងបាក់សម្រស់ប្រែប្រួលប្លែកពីមុនរហូតអ្នកខ្លះលាន់មាត់ថា មិនមែនជារូបលោកថែមទៀត ។ ក្នុងនោះក៏មានហ្វេន ហ្វេន មួយចំនួនសង្ស័យថាតារាវ័យក្មេង រូបនេះបាក់សម្រស់ប្រៀបដូចមនុស្សមានជំងឺបាក់ទឹកចិត្ត។
មួយរយៈចុងក្រោយនេះគេមិនបានឃើញតារាចម្រៀង Original Song ថៃ អតិជាតិបុត្រ មាន សកម្មភាពនៅក្នុងការផលិតបទចម្រៀងថ្មីៗនោះទេ ។ សូម្បីនៅក្នុងបណ្តាញសង្គមក៏គេមិន បានឃើញរូបលោកចែករំលែកសកម្មភាពដូចមុននោះដែរ ពោលគឺក្រោយពីលោកជួបរឿងអា ស្រូវជំពាក់ប្រាក់ត្រូវគេបង្ហោះនៅក្នុងបណ្តាញសង្គមនាពេលកន្លងមក ។
ប៉ុន្តែកាលពីថ្ងៃទី ២៤ យប់មិញនេះលោក ថៃ អតិជាតិបុត្រ បានលេចមុខនៅក្នុងជម្លោះប៉ះពាក្យសម្តីជាមួយសន្តិ សុខនៅក្នុងផ្សាររាត្រីនៅរាជធានីភ្នំពេញ តែអ្វីដែលធ្វើឱ្យអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះភ្ញាក់ ផ្អើលនោះគឺតារាប្រុសដែលធ្លាប់តែមានរូបសម្រស់ស្រស់សង្ហាម្នាក់នេះបែរជាមានរូបរាងស្គមប្រែប្រួលប្លែកដូចមនុស្សពីរនាក់ផ្សេងគ្នា ។ រហូតអ្នកខ្លះលាន់មាត់ថាហេតុអ្វីតារាចម្រៀងដែល ធ្លាប់មានប្រជាប្រិយភាពរូបនេះធ្លាក់ខ្លួនក្នុងសភាពដូចមនុស្សមានវិបត្តិអ្វីម្យ៉ាង។
ថៃ អតីជាតិបុត្រ ជាតារាចម្រៀងដែលទទួលបានការគាំទ្រពីសំណាក់យុវវ័យជាច្រើនកាលពី ប៉ុន្មានឆ្នាំមុនជាមួយនឹងបទOriginal Song ពិរោះៗរបស់លោក ។ កំពុងតែមានប្រជាប្រិយភាពតារាវ័យក្មេងរូបនេះបានមកជំពប់ស្នេហ៍ជាមួយតារាសម្តែង ដួង ម៉ានិច្ច តែក្រោយមកអ្នក ទាំងពីរក៏បានចែកផ្លូវគ្នាវិញ ។ ចាប់ពីពេលនោះមកគេសម្គាល់ឃើញ ថៃ អតិជាតិបុត្រ ហាក់ ធ្លាក់ចុះប្រជាប្រិយភាពស្របពេលលោកមានបញ្ហារឿងលុយកាក់ ។ ប៉ុន្តែយ៉ាងណាអ្នកគាំទ្រ ជាច្រើនសង្ឃឹមថា ថៃ អតិជាតិបុត្រ នឹងចាប់ផ្តើមជីវិតជាថ្មីនៅក្នុងអាជីពសិល្បៈព្រោះលោក មាន ទាំងសមត្ថភាពនិងរូបសម្រស់ជាដើមទុនស្រាប់ ។ មួយវិញទៀតលោកនៅមានអាយុនៅ ក្មេងទើបតែ ២៤ ឆ្នាំប៉ុណ្ណោះនៅក្នុងឆ្នាំនេះ៕