
យន្តហោះចារកម្មរុស្ស៊ី បានហោះហើរជុំវិញសហរដ្ឋអាមេរិក កាលពីម្សិលមិញ ដើម្បីបង្ហាញថា ជាការល្បួងលោក ដូណាល់ ត្រាំ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Express បានចុះផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។
យន្តហោះស៊ើបការណ៍សម្ងាត់រុស្ស៊ីនេះ បានហោះលើសភាអាម៉េរិក មន្ទីរបញ្ញាកោណ អាគារស៊ីអាយអេ (CIA) និងមូលដ្ឋានទ័ព Andrews ទីក្រុងវ៉ាស៊ីនតោន ក្នុងកម្រិតទាប។ ជើងហោះហើរមួយនេះ គឺស្របច្បាប់តាមកិច្ចព្រមព្រៀងសន្ធិសញ្ញា Open Skies ឆ្នាំ១៩៩២ ដែលអនុញ្ញាតឲ្យយោធាអាមេរិក និងរុស្ស៊ី បើកការហោះហើរបានទៅវិញទៅមក។ ក្រសួងការបរទេសអាម៉េរិក បានឲ្យដឹងថា អាម៉េរិក និងរុស្ស៊ី បានធ្វើការហោះហើរឃ្លាំមើលលើដែនដីដទៃទៀត ដែលរួមបញ្ចូលគ្នាចំនួន ១៦៥ដង រួចមកហើយ។

គួរបញ្ជាក់ផងដែរថា ការហោះហើរនេះ បានអនុញ្ញាតដោយមេដឹកនាំកំពូលលោក វ្ល៉ាឌីមៀរ ពូទីន បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ការដាក់ទណ្ឌកម្មនាពេលថ្មីៗនេះ ទៅលើប្រទេសរុស្ស៊ី៕
