
កងទ័ពអាកាសថៃ កំពុងតែពង្រឹងសមត្ថភាព យន្តហោះចម្បាំង តាមរយៈការប្រែក្លាយយន្តហោះចម្បាំង F-5E Tigers ទៅជា F-5T Super Tigers សេរីថ្មី ក្នុងគម្រោងតម្លៃ ៩៦លានដុល្លារ ដើម្បីបន្តអាយុកាល១៥ឆ្នាំទៅមុខទៀត។ នេះបើយោងតាមសារព័ត៌មាន Sputnik បានចុះផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។
បើតាមសេចក្ដីប្រកាសរបស់កងកម្លាំងអាកាសថៃ បានឲ្យដឹងថា យន្តហោះចម្បាំងខាងលើ នឹងទទួលបានប្រព័ន្ធមីស៊ីល រយៈចម្ងាយឆ្ងាយ Python-4 នឹងI Derby ប្រព័ន្ធរ៉ាដាថ្មី ប្រព័ន្ធអេឡិចត្រូនិក យុទ្ធសាស្ត្រ និងប្រព័ន្ធការពារគ្រោះមហន្តរាយផ្សេងទៀតជាច្រើន។ សេចក្ដីប្រកាសដដែល បានបញ្ជាក់ថា យន្តហោះប្រយុទ្ធ F-5E បានធ្វើប្រតិបត្តិការ តាំងពីឆ្នាំ១៩៧៨ មកម្ល៉េះ និងត្រូវគេចាត់ទុកជាយន្តហោះជំនាន់ទីបីប៉ុណ្ណោះ ជាមួយសមត្ថភាពមានដែនកំណត់ ហើយបើតាមតែបច្ចេកវិទ្យាហួសសម័យនេះ អ្នកមិនអាចប្រឈមមុខជាមួយ ការគំរាមកំហែងនាពេលបច្ចុប្បន្ននោះឡើយ។
គួរបញ្ជាក់ផងដែរថា ការផ្លាស់ប្ដូរសមត្ថភាព យន្តហោះចម្បាំងខាងលើ ទៅជាយន្តហោះចម្បាំងជំនាន់ទី៤ អាចធ្វើឲ្យវាមានសមត្ថភាពប្រហាក់ប្រហែលនឹងយន្តហោះចម្បាំង F-16A/B Fighting Falcons និង JAS-39C/D Gripen ជាដើម៕

