
ក្រុមមន្ត្រីការពារជាតិអាមេរិក បានរាយការណ៍ឲ្យដឹងថា ខ្លួនកំពុងពិចារណាអំពីយុទ្ធនាការនៃការវាយប្រហារតាមអាកាសទៅលើពួកសកម្មប្រយុទ្ធ ISIS នៅហ្វីលីពីន។ នេះបើយោងតាមសារព័ត៌មាន Express បានចេញផ្សាយនារសៀលថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០១៧។
មន្ទីរបញ្ចកោណ បានប្រកាសសេចក្ដីសម្រេចនៅថ្ងៃនេះ នៅពេលដែលក្រុមមន្ត្រីជឿថា ក្រុមជីហាដ កំពុងតែគំរាមកំហែងដល់សម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់។ មន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បាននិយាយថា "យើងកំពុងផ្ដល់ការបណ្ដុះបណ្ដាល និងការណែនាំទាក់ទងនឹងរបៀបដោះស្រាយជាមួយសត្រូវ ខណៈដែលខ្ញុំមើលឃើញថាមានការប៉ះទង្គិចជាញឹកញាប់"។

នៅចុងខែកក្កដា សហរដ្ឋអាមេរិក បានផ្ដល់ឲ្យហ្វីលីពីន នូវយន្តហោះស៊ើបការណ៍ម៉ាក Cessna 208B និងគ្រាប់រ៉ុកកែតច្រើនជាង ២ពាន់គ្រាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្មនេះ។
គួររម្លឹកផងដែរថា នៅថ្ងៃទី ២៥ ខែឧសភា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រកាសអំពីច្បាប់អាជ្ញាសឹកនៅកោះមីនដាណាវ ភាគខាងត្បូង ដែលជាញឹកញាប់ត្រូវរងការវាយប្រហារដោយក្រុមដាស៊ី៕
