header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រទេសកាតា​ ចង់វិនិយោគជាមួយកម្ពុជា លើការផលិតជី និងថ្នាំកសិកម្ម​ ខណៈ​កម្ពុជា ​គឺជាប្រទេសដែលមានសក្តានុពលក្នុងវិស័យកសិកម្ម។

កាលពីថ្ងៃទី២ ខែវិច្ជិកា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសកម្ពុជាបានអនុញ្ញាតឲ្យ លោកបណ្ឌិត Ben Yahia ទីប្រឹក្សាប្រតិបត្តិជាន់ខ្ពស់សម្រាប់យុទ្ធសាស្រ្ត និងការអភិវឌ្ឍនៃវិស័យប្រេង ឧស្ម័ន និងថាមពល មកពីប្រទេសកាតា ចូលជួបសម្តែងការគួរសម នៅឯទីស្តីការក្រសួង។

លោកបណ្ឌិត បានថ្លែងអំណរគុណដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានអនុញញាតឲ្យលោក និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកបញ្ជាក់ថា លោកបានមកធ្វើទស្សនកិច្ចនៅកម្ពុជាជាលើកទីមួយ ដើម្បីស្វែងយល់ពីសក្តានុពលក្នុងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ជាពិសេសទៅលើការផលិតជី និងថ្នាំកសិកម្ម ព្រោះកម្ពុជាជាប្រទេសកសិកម្ម ហើយប្រទេសកាតា មានវត្ថុធាតុដើមជាច្រើនដែលអាចយកមកធ្វើការកែច្នៃ ផ្គត់ផ្គង់ និងចែកចាយនៅក្នុងប្រទេស និងតំបន់បាន។

ជាមួយគ្នានេះ​  លោករដ្ឋមន្រ្តី បានបង្ហាញនូវការស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគវិស័យកសិកម្មនៅកម្ពុជា។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថាកម្ពុជាមានសក្តានុពលវិស័យកសិកម្ម បើប្រៀបធៀបជាមួយបណ្តាប្រទេសក្នុងតំបន់ ដោយឡែកកម្ពុជាមានតម្រូវការផ្នែកកសិឧស្សាហកម្ម ជាពិសេសការកែច្នៃជី និងថ្នាំកសិកម្ម ជាវត្ថុធាតុដើមដ៏សំខាន់ ដែលអាចចូលរួមចំណែកគាំទ្រដល់កសិករកម្ពុជាក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្ម ព្រោះបច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនអាជីវកម្មជី និងថ្នាំជាច្រើនដែលបាននិងកំពុងនាំចូលផលិតផលជីថ្នាំពីប្រទេសជិតខាង។

លោករដ្ឋមន្រ្តីសង្ឃឹមថា លោកបណ្ឌិត អាចនិងពិនិត្យមើលលទ្ធភាពសហការជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីបោះទុនវិនិយោគលើគម្រោងផលិតជីនិងថ្នាំកសិកម្មនាពេលខាងមុខនេះ។ ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់ លោកបណ្ឌិត ឲ្យជួយជំរុញដល់ការសហការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅកាន់ទីផ្សារប្រទេសកាតាផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post