ករណីលោក ព្រំ បូរ ដែលបានប្ដឹងមក លោក វិល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ រហូតមកដល់ពេលនេះគឺមិនទាន់ចប់ទេ។
រដ្ឋបាលសាលាខណ្ឌឬស្សីកែវ នៅតែប្រកាសព្រមានប្តឹងលោក វិល្លាម ដោយថាចោទប្រកាន់ខុសពីការពិត មកលើអាជ្ញាធរពាក់ព័ន្ធបុគ្គល ព្រំ បូរ នេះ។
យ៉ាងណានៅយប់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ លោកវិល្លាមបានបង្ហោះលទ្ធផលវិភាគ បន្ថែមទៀតស្ដីពីស្ថានភាពលោក ព្រំ បូរ ដោយលោកបានឲ្យដឹងថា៖
លិខិតបញ្ជាក់ពីមន្ទីពេទ្យនេះ មានទម្ងន់គ្រប់គ្រាន់ដែលចាត់ទុកជាគតិយុត្តិបញ្ជាក់ថា ៖ ការអះអាងថា លោកព្រំ បូរ ធ្វេីពុត និងការតបត ដោយបង្ហោះនូវវីឌីអូជាភស្តុតាងក្នុងន័យបំភ័នមតិមហាជន គឺជាចេតនាទុច្ចរិត និងវិធីទុច្ចរិត ក្នុងការរារាំងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលចុះបំពេញបេសកកម្មស្របច្បាប់ ។
លោកវិល្លាម បានឲ្យដឹងបន្ថែមទៀតថា ដោយឡែកមានភស្តុតាងបន្ទាប់បន្សំជាវីឌីអូដែលមានទម្ងន់ផ្សេងទៀត រួមទាំងសាក្សីបានបញ្ជាក់អំពី ការចាប់មនុស្សដោយបង្ខំ ដែលមិនមែនជាការអញ្ជេីញ ។
ហេីយវីឌីអូភស្តុតាងដែលយកមកបង្ហាញអោយមហាជនយល់ច្រឡំនោះទៀតសោតក៏ហាក់បង្ហាញតម្រុយអំពីការបង្ខាំងមនុស្សពិតប្រាកដមែន ។
ខ្ញុំអំពាវនាវដល់រដ្ឋបាលថ្នាក់ក្រោមជាតិសូមមេត្តាចេះបន្ទន់ឥរិយាបថក្នុងការទទួលខុសត្រូវកំហុស ។
ការយកឯកសារដ្ឋមកសរសេរការពារកំហុសខ្លួន ហេីយកាច់មួលមកលេីបេសកកម្មផ្លូវការរបស់មន្ត្រីថ្នាក់ជាតិ ជាកំហុសជាន់កំហុស ។