header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្ពុជា​-ចិន​ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត​ ស្របពេលដែលឆ្នាំ២០១៨នេះ គឺជាឆ្នាំដែលប្រារព្ធខួបលើកទី ៦០ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។

​កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក លី ហុងចុង (Li Hongzhong) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស និងជាលេខាបក្សកុម្មុយនីស្តចិនក្រុងធានជីន (Tianjin) ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកលី ហុងចុង និងគណៈប្រតិភូ នៅព្រះរាជាណចក្រកម្ពុជា នាឱកាសនេះ ។

លោក លី ហុងចុង បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាអំពី គោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ គឺដើម្បីជំរុញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានជំនឿទុកចិត្តគ្នា និងស៊ីជម្រៅ ស្របពេលដែលឆ្នាំ២០១៨នេះ គឺជាឆ្នាំដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៦០ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។

លោកបានរំលឹកអំពី ទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលបានប្រែក្លាយទៅជាទំនាក់ទំនងការទូតគំរូមួយ និងត្រូវបានបង្កើតឡើងដោយថ្នាក់ដឹកនាំចិនជំនាន់មុន និងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ។ កាលពីឆ្នាំ២០១៦ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា និងបានឯកភាពរួមគ្នាជាមួយថ្នាក់ដឹកនាំកម្ពុជា ក្នុងបុព្វហេតុទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយតាមរយៈដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នេះ បានជួយជំរុញឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត ។

លោកលី ហុងចុង បានបញ្ជាក់ថា ឆ្នាំ២០១៨នេះ គឺជាឆ្នាំប្រវត្តិសាស្រ្តនៃខួប ៦០ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន ដូចនេះប្រទេសទាំងពីរ ត្រូវតែបន្តផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្រប់ថ្នាក់ និងបន្តជំរុញគំនិតផ្តួចផ្តើមគោលនយោបាយ ខ្សែក្រវាត់មួយ ផ្លូវមួយ តភ្ជាប់ជាមួយនឹងគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍជាតិកម្ពុជា ហើយប្រទេសចិនមានគោលបំណងចង់ជួយឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ។

លោកបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រផលប្រយោជន៍ស្នូល និងយកចិត្តទុកដាក់រាល់ការផ្តួចផ្តើមរបស់ប្រទេសចិន ។ ប្រទេសចិនបានចាត់ទុកប្រទេសកម្ពុជា ជាអ្នកជិតខាងល្អ មិត្តពិតប្រាកដ និងជាដៃគូដែល អាចទុកចិត្តបាន ។

ជាមួយគ្នានេះ​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់លោកប្រធានគណៈប្រតិភូ ដែលថ្លែងសរសើរអំពី ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាថ្លែងសរសើរអំពី ការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំកំពូលចិន ដែលបានគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរស្ត្រ នីតិកាលទី៦ និងអបអរសាទរជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់រដ្ឋសភានីតិកាលទី៦ បន្តទៀត ។

សម្តេចប្រធានព្រឹទ្ធសភា បានឯកភាពចំពោះមតិរបស់លោកប្រធានគណៈប្រតិភូ ដែលបានលើកឡើងអំពី ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា-ចិន ដែលមានតាំងពីយូរលង់ណាស់មកហើយ ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៨ ដោយស្នាព្រហស្ថព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សក្សត្រ ព្រះបរមរតនកោដ្ឋ ជាមួយនឹងលោក ម៉ៅ សេទុង និងលោក ជូ អេនឡាយ ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ឥតឈប់ឈររហូតឈានដល់កម្រិតកំពូលនាពេលបច្ចុប្បន្ននេះ គឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមវិភាគទានយ៉ាងធំធេងដល់ការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យមានរីកចម្រើនដូចពេលបច្ចុប្បន្ននេះ ។ ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពពីសាធារណរដ្ឋប្រជាមានិតចិនបានឡើយ ។ ប្រទេសកម្ពុជា និងប្រទេសចិន គឺជាអ្នកជិតខាងល្អ ជាមិត្តល្អ ជាបងប្អូនល្អ និងជាដៃគូល្អផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post